សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សំណេះសំណាលសួរសុខទុក្ខ និងចែក​អំ​ណោយ​មនុស្សធម៌ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣១១នាក់

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣១១នាក់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវការសប្បាយរីករាយ ដែលបានជួបជាមួយលោកតា លោកអ៊ុ លោកពូ និងបងៗធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ហើយនេះក៏ជាលើកទី១ និងក្នុងឱកាសដាក់បិណ្ឌទី១១ផងដែរ ។ ជាងនេះទៅទៀតជំនួបនេះ ក៏ជាផ្នែកមួយដើម្បីអបអរទិវាមនុស្សចាស់កម្ពុជា ១តុលាខាងមុខនេះ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានពាំនាំនូវព្រះរាជបន្ទូល របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកជាពន់ពេក ដល់លោកតា លោកអ៊ុ លោកពូ និងបងៗធាក់ស៊ីក្លូទាំងអស់។

ជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្ដាំផ្ញើ ក៏ដូចជាសំណូមពរដល់លោកតា លោកអ៊ុ លោកពូ និងបងៗទាំងអស់ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ត្រូវតែយកចិត្ដទុកដាក់លើសុខភាពជាចម្បង អ្វីដែលអាចការពារ ត្រូវតែការពារ ដូចជាការហូបស្អាត ដោយត្រូវពិសាទឹកដែលដាំឆ្អិន ដើម្បីចៀសវាងពីជំងឺនានាបង្កដោយទឹកមិនស្អាត និងការពារពីបញ្ហាអេដស៍ជាដើម។

នេះគឺជាជំនួបលើកទី១ រវាងកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជាមួយសមាជិកមូលនិធិត្រី​ចក្រយានកម្ពុជា (ស៊ីក្លូ) ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសអបអរទិវាមនុស្សចាស់កម្ពុជា ១តុលា និងក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះផង។

សូមបញ្ជាក់ថាអំណោយកាកបាទក្រហមកម្ពុជា ដែលទទួលបានពីសប្បុរសជនគ្រប់​មជ្ឈដ្ឋាន បានចែកជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្នុងម្នាក់ៗរួមមាន៖ បាយ ១ប្រអប់, បង្អែមនំចាក់ក្រចាន់ ១ប្រអប់, ផ្លែទំពាំងបាយជូ ១គីឡូក្រាម, ក្រូចឃ្វិច ១គីឡូក្រាម, ទឹកក្រូច ១ដប, ទឹកបរិសុទ្ធអារុណា ២ដប, អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ទឹកដោះគោខាប់ ៥កំប៉ុង, ភេសជ្ជៈបាកាស់ ៤កំប៉ុង, អាវយឺតដៃវែង ១, អាវអាចារ្យ ១, ខោជើងវែង ២, ស្បែកជើង ១គូ, អាវភ្លៀង ១ និងថវិកា ៣០០.០០០រៀល ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner