ទំនៀមទម្លាប់វេចនំអន្សម និងនំបត់ នំគម របស់ពលរដ្ឋខ្មែរនៅតែប្រកាន់ខ្ជាប់ពិសេសតាមស្រុកស្រែចំការ
(ភ្នំពេញ)៖ដូចសព្វមួយដងនៅពេលដល់រដូវកាន់បិណ្ឌ ជិតដល់ថ្ងៃភ្ជុំបិណ្ឌឬភ្ជុំធំពលរដ្ឋខ្មែរនៅតាមទីជនបទ ឬសូម្បីតែទីក្រុងក្តីតែងនាំគ្នាវេចអន្សមជ្រូក អន្សមចេក នំគម នំបត់ នំជាលឬខ្លះហៅតានំមោក ទៅតាមនិយមចូលចិត្តរៀងៗខ្លួនដើម្បីទុកយកទៅវត្តធ្វើបុណ្យ និងចែកជូនញាត្តិកូនចៅបងប្អូនដែលជាទំនៀមទំលាប់អស់កាលដ៏យូរលង់មកហើយរបស់ពលរដ្ឋខ្មែរ។
ការវេចនំអន្សម និងនំផ្សេងៗទៀតនេះគឺ មានដើមកំណើតតាំងពីបរមបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។
ទំនៀមទំលាប់ដ៏ផូរផង់មួយនេះត្រូវបានពលរដ្ឋខ្មែរអនុវត្តតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ ហើយការបង្រៀនពីឪពុកម្តាយដល់កូនចៅគឺបានចេះចងចាំតៗគ្នារៀងរហូតមក។
លោកយាយ អ៊ី គ្រីម រស់នៅ ភូមិតាកោង ឃុំ អមលាំង ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពុងម្នីម្នាវេចនំអន្សមជ្រូកម្នាក់ឯងនៅក្នុងផ្ទះបានប្រាប់ថា បុណ្យភ្ជុំបិណ្ឌឆ្នាំនេះលោកយាយវេចអន្សមជ្រូក បន្តិចបន្តួចទេគឺវេចអង្ករចំនួន១៥កំប៉ុងប៉ុណ្ណោះ សម្រាប់ផ្ញើរឱ្យកូនចៅទុកគ្រាន់យកទៅវត្ត និងបរិភោគដើម្បីកុំឱ្យមើលមាត់គេ។ការវេចអន្សមនេះសំខាន់ណាស់សម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ដ ចូលឆ្នាំថ្មី ពីព្រោះដូនតាខ្មែរយើងរៀងរាល់ថ្ងៃបុណ្យសំខាន់ៗទាំងនេះតែងវេចអន្សមជ្រូក អន្សមចេក នំគម នំបត់មិនដែលខកខានសោះឡើយ។
ស្រ្តីវ័យជិត៧០ឆ្នាំរូបនេះបានឱ្យដឹងដែរថា៖”នំខ្មែរបុរាណយើងនេះសំខាន់ណាស់ ហើយទោះឥឡូវនេះសម្បូរនំបែបណាក៏ដោយគឺមិនស្មើនំខ្មែរយើងទេ។ការវេចនំអន្សមដើមឡើយផ្ទះណាក៏គេធ្វើដែរ ហើយសូម្បីតែបច្ចុប្បន្ននៅតំបន់ភូមិខ្ញុំ នេះគឺគេវេចស្ទើរគ្រប់ផ្ទះទាំងអស់។អ្នកខ្លះទោះរវល់មិនបានវេចក៏គេទិញសម្រាប់យកទៅវត្ត និងខ្លះទៀតទិញសម្រាប់ទុកឱ្យកូនចៅហូបកុំឱ្យមើលមាត់គេ។នំអ្វីក៏មិនស្មើនំអន្សមខ្មែរយើងទេ។វាមានតម្លៃខ្លាំងណាស់នំដូនតាយើងនេះ”។
នៅភូមិទំនាប ឃុំអមលាំង ស្រុកថ្ពងនេះដែរ អ្នកស្រី សាយ គីន បានឱ្យដឹងថាការវេចនំអន្សមជ្រូក អន្សមចេក គឺអ្នកភូមិរស់នៅតំបន់នេះតែងវេចតាមផ្ទះរបស់គេរៀងៗខ្លួន។របៀបរបបការវេចនំនេះគឺអ្នកស្រីបានធ្វើតពីឪពុកម្តាយ ដោយនំទាំងនេះសំខាន់បំផុតយកទៅវត្តធ្វើបុណ្យដល់ជីដូនជីតាដែលបានចែកឋានទៅ។ក្រៅពីនេះ ក៏សម្រាប់ទុកបរិភោគក្នុងផ្ទះសម្បែង និងចែកឱ្យញាតិបងប្អូនពីព្រោះជាអ្នកស្រែចំការថ្ងៃបុណ្យសំខាន់ៗបែបនេះគ្មានអ្វីឱ្យគ្នាក្រៅពីនំបុរាណខ្មែរយើងនេះឡើយ។
ស្រ្តីវ័យ៤៥ឆ្នាំរូបនេះបានប្រាប់ឱ្យដឹងដែរថា”រៀងរាល់ដល់រដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌខ្ញុំតែងវេចនំអន្សមជ្រូក និងអន្សមចេក។នំពីរមុខនេះវេចមិនដែលខានទេ ទោះរវល់បែបណាក៏តែងឆ្លៀតវេចដែរ ពីព្រោះតាមទំនៀមទំលាប់ខ្មែរយើងជានំសំខាន់សម្រាប់ធ្វើបុណ្យទាន។ខ្ញុំមិនសូវដឹងអត្ថន័យនំទាំងនេះទេ តែវាជានំបុរាណខ្មែរសម្រាប់ធ្វើបុណ្យទាន”។
ដោយឡែកអ្នកស្រី ហៃ គង់ រស់នៅភូមិតាតោកកណ្តាល ឃុំចាន់សរ ស្រុក សូទ្រនិយគម ខេត្តសៀមរាបដែលតែងវេចនំអន្សមជ្រូក អន្សមចេកសម្រាប់រដូវកាលភ្ជុំបិណ្ឌនេះគឺតែងវេច២ទៅ៣ដងពោលគឺវេចចាប់តាំងតែពីកាន់បិណ្ឌ រហូតដល់ថ្ងៃភ្ជុំបិណ្ឌឬភ្ជុំធំតែងម្តង។
ទាក់ទិននឹងការវេច នំអន្សមជ្រូក អន្សមចេកនេះ អ្នកស្រី ហៃគង់បានឱ្យដឹង៖នំអន្សមជ្រូក និងអន្សមចេកនៅរដូវភ្ជុំបិណ្ឌ ឬចូលឆ្នាំថ្មីអ្នករស់នៅតាមស្រុកស្រែចំការផ្ទះណាក៏ដូចផ្ទះណាដែរភាគច្រើនតែងវេច ហើយបើមិនបានវេចក៏គេទិញសម្រាប់យកទៅវត្តដែរ។
ដោយឡែក អ្នកស្រី សេង ធារី អ្នកវេចនំអន្សំជ្រូក អន្សមចេក នំបត់ នំគមលក់នៅ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញបានឱ្យដឹងថាឆ្នាំនេះអ្នកស្រីវេចនំលក់ដាច់ខ្លាំងណាស់ដែរ។ព្រោះថាអ្នករស់នៅភ្នំពេញភាគច្រើនគេមិនបានវេចទេពីព្រោះជួបការលំបាកក្នុងការវេចពិសេសកន្លែងស្ងោរ គ្មានស្លឹកចេកជាដើម ហេតុនេះគេតែងចូលទិញនំអ្នកស្រីយកទៅវត្តជានិច្ច។
ស្រ្តីរូបនេះបាននិយាយដែរថា “រឿងនំខ្មែរយើងមិនសាបសូន្យទេ ម្នាក់ៗតែងចូលទិញបើទោះបីមិនច្រើនក៏ពួកគាត់ទៅវត្តមិនដែលខកខានយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ទៅដែរ”។
គួរបញ្ជាក់ថារបៀបធ្វើនំអន្សមជ្រូកគឺដំបូងយើងត្រូវហែកស្លឹកចេក ឬស្លឹកផ្អាវ ហើយហាលថ្ងៃឲ្យទន់ល្អចំពោះស្លឹកចេក។ បន្ទាប់មកត្រូវយកវាមកជូតឲ្យស្អាត និងត្រូវត្រៀមខ្សែសម្រាប់ចង។ គេអាចយកដើមចេកមកធ្វើជាខ្សែក៏បាន ឬខ្សែចងធម្មតាក៏បាន។
បន្ទាប់មកទៀត ត្រូវលាងអង្ករដំណើបទុកឲ្យស្ងួត ហើយទឹកអង្ករដំណើបនោះត្រូវលាយអំបិលតិចៗដើម្បីបង្កើនឱជារស ហើយត្រូវលាងសណ្ដែកលឿងទុកឲ្យស្រស់ទឹក។ បន្ទាប់ពីនោះ យើងត្រូវហាន់សាច់ជ្រូកជាចង្វាយវែងល្មម (ភាគច្រើនគេយកសាច់ជ្រូកបីជាន់ ដោយសារវាមានជាតិខ្លាញ់តិចៗ) ដោយលាយគ្រឿងដូចជា ម្រេច អំបិល និងមើមខ្ទឹមស ជាដើម។
ដោយឡែក បើយោងតាមឯកសារមួយចំនួនទាក់ទិននឹងប្រវត្តិនៃការវេចនំអន្សម បានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនតែងមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សមនេះជាដើម។
ក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ ម៉្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះត្រូវបានគេយកទៅប្រើប្រាស់ក្នុងពិធីបុណ្យទាន អមជាមួយនឹង «នំគម» ដែលជានំប្រពៃណីខ្មែររៀងរហូតមក ៕
ដោយ ៖ ម៉ាដេប៉ូ