ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.១៨១ គ្រួសារ មកពី១៩ភូមិ ក្នុងស្រុកត្បូងឃ្មុំ ទទួលអំណោយកាកបាទក្រហមកម្ពុជា
(ត្បូងឃ្មុំ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១.១៨១គ្រួសារ មកពីភូមិចំនួន១៩ នៃឃុំជីរោទិ៍ និងឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោកជំទាវ ម៉ែន នារីសោភ័គ ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសសូមថែទាំសុខភាពឱ្យបានល្អ ពិសេសកូន ចៅតូចៗ ត្រូវប្រុងប្រយ័ត្ន បើមានករណីចាំបាច់សូមប្រញ៉ាប់រាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរដែនដី ឬសមត្ថកិច្ច ដែលនៅជិតបំផុត ដើម្បីមានវិធានការ ជួយសង្រ្គោះឱ្យបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា ៖ ពិធីជួបសំណេះសំណាល និងចែកអំណោយខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន២ គឺ៖
ទីតាំងទី១ នៅទួលសុវត្ថិភាពឧកញ៉ា វ័ន ប៊ុនថៃ ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា សម្រាប់ប្រជាពលរដ្ឋរងគ្រោះចំនួន ១១៤៧គ្រួសារ មកពីភូមិចំនួន១៨ នៃឃុំជីរោទិ៍ និងឃុំទន្លេបិត ស្រុកត្បូងឃ្មុំ។
ទីតាំងទី២ នៅទួលសុវត្ថិភាព ទួលអង្គ្រង ក្រោមវត្តមាន លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយករង នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ៣៤គ្រួសារ មកពីភូមិទួលកែវ ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕
ដោយ ៖ គ្រី សម្បត្តិ