សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ជូនពរការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាព
ភ្នំពេញ៖នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខណៈប្រជាពលរដ្ឋ កម្មករ និយោជិត ត្រូវត្រឡប់ពីជួបជុំគ្រួសារនៅស្រុកកំណើត ហើយវិលត្រឡប់មកបំពេញការងារនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាវិញ លើបណ្ដាញសង្គមផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសរសេរជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ពីស្រុកកំណើតទៅកាន់ទីកន្លែងនានាទូទាំងប្រទេស និងសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ។
សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក្រសួង-ស្ថាប័ន វិស័យឯកជន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋយើង ទៅមកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ ដោយមិនមានការបង់ថ្លៃ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅចុងបញ្ចប់នៃសំណេរថា” សម្រាប់លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗ ដែលត្រូវធ្វើដំណើរត្រលប់មករាជធានីភ្នំពេញ សូមមើលតារាងកម្មវិធី និងទីតាំង មានភ្ជាប់ជូន ដើម្បីទទួលបានសេវាកម្មរថយន្តក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ “៕
ដោយ៖មុនី