ម្ចាស់ឡានក្រុងថៃឆេះស្លាប់សិស្សនិងគ្រូ លាក់ស៊ីឡាំងឧស្ម័នខុសច្បាប់

បរទេស៖ យោងតាមអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃ បានឱ្យដឹងថា ម្ចាស់រថយន្តក្រុងដែលបានឆេះសម្លាប់សិស្ស និងគ្រូបង្រៀនចំនួន២៣នាក់ បានព្យាយាមលាក់ធុងហ្គាសមួយចំនួន នៅលើរថយន្តក្រុងផ្សេងៗទៀត របស់ខ្លួន នេះបើតាមកាសែត Bangkok Post។

លោក Jirut Wisanjit អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បាននិយាយថា បន្ទាប់ពីក្រុមហ៊ុនខកខាន មិនបានបញ្ជូនរថយន្តក្រុងចំនួន ៥គ្រឿង ទទួលការត្រួតពិនិត្យតាមបញ្ជា, កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈប្រព័ន្ធ GPS មន្ត្រីបានរកឃើញឡានទាំងនេះ នៅយានដ្ឋានមួយកន្លែង ក្នុងខេត្ត Nakhon Ratchasima ហើយរកឃើញស៊ីឡាំងឧស្ម័ន លើឡានក្រុងទាំងនេះ។

លោក Jirut បាននិយាយថា ស៊ីឡាំងបន្ថែមដែលត្រូវបានដំឡើង ដោយខុសច្បាប់នៅលើរថយន្តក្រុង។ លោកបានថ្លែងថា «ការណ៍នេះបង្ហាញពីចេតនាលាក់បាំង ការកែច្នៃយានយន្តខុសច្បាប់»។

ឡានក្រុងទាំង៥គ្រឿងនេះ ស្ថិតក្នុងចំណោមប្រភេទឡានក្រុងសរុប ៦ គ្រឿង ដែលរួមមានទាំង១គ្រឿងដែលបានឆេះ អំឡុងដំណើរទស្សនកិច្ចសិក្សា កាលពីថ្ងៃអង្គារ។

រថយន្តក្រុងមួយគ្រឿងនេះបានដំណើរការ អស់រយៈពេលជាង៥០ឆ្នាំមកហើយ ហើយត្រូវបានកែច្នៃដើម្បីប្រើឧស្ម័ន ជាច្រើនលើក ប៉ុន្តែ ការដំឡើងនេះ មិនមានស្តង់ដារទេ។ អាជ្ញាប័ណ្ណរបស់ប្រតិបត្តិករឡានក្រុង Chinnaboot Engineering (Thailand) Co ត្រូវបានព្យួរ ដោយរង់ចាំការស៊ើបអង្កេតបន្ថែម នេះបើតាមប្រភពដដែល។

លោក Trairong Phewphan
មេអង្គភាពកោសល្យវិច្ច័យប៉ូលីស បាននិយាយថា រថយន្តក្រុងនេះ មានស៊ីឡាំងឧស្ម័ន ច្រើនជាងការអនុញ្ញាត។ លោក បានបន្ថែមថា ប៉ូលីសធ្វើកោសល្យវិច្ច័យបានកំណត់ថា ហ្គាសបានលេចធ្លាយ មុនពេលមានអគ្គីភ័យ ប៉ុន្តែ គេមិនទាន់អាចកំណត់បានថា តើភ្លើងចាប់ផ្តើមដោយរបៀបណានោះទេ នេះបើតាមកាសែត Bangkok Post ដដែល៕

ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner