អភិបាលខេត្តកំពត ប្រាប់បេក្ខជនឱ្យផ្ចិតផ្ចង់ស្មារតីដើម្បីប្រឡងយកនិទ្ទេសល្អ
កំពត៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប តាំងស្មារតីឱ្យល្អខិតខំបញ្ចេញសមត្ថភាពខ្លួនដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៨
ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញបានបញ្ជាក់ថា ដំណើរការប្រឡងមានភាពល្អប្រសើរនិងសង្ឃឹមថា ឆ្នាំនេះសិស្សនិទ្ទេសអេ អាចកើនឡើង។
អាន៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រទុតិយភូមិឬបាក់ឌុបនៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនក្រុងកំពត។ ក្នុងឱកាសនោះជាមួយនឹងការលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប ឯកឧត្តមអភិបាលខេត្តបានបង្ហាញពីបំណងចង់ឱ្យខេត្តកំពតឆ្នាំនេះមានសិស្សនិទ្ទេសA កើន ។ឯកឧត្តម និង ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានត្រៀមរង្វាន់ម៉ូតូ សម្រាប់ទុកជូនបេក្ខជនជ័យលាភីជានិច្ច។
ប្រធានស្តីទីនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត លោក សូ ភារិទ្ធ បានបញ្ជាក់ថា ដំណើរការនៃការប្រឡងនៅព្រឹកថ្ងៃទី៨ ខែតុលានេះ មានភាពល្អប្រសើរទាំងក្នុង និងក្រៅមណ្ឌលប្រឡង ។
លោកប្រធានស្តីទីបានបញ្ជាក់ថា ចំពោះឥរិយាបថបេក្ខជន មានភាពល្អប្រសើរ ឆ្លងតាមការត្រួតពិនិត្យឆែកឆេ ព្រឹកនេះ មិនឃើញមានបេក្ខជនណាម្នាក់លាក់សំណៅឯកសារ ឬយកឧបករណ៍ហាមឃាត់តាមខ្លួនទេ ។លោកសង្ឃឹមថា ឆ្នាំនេះសិស្សនិទ្ទេសA អាចកើនឡើង ខណៈឆ្នាំ២០២៣ សិស្សនិទ្ទេសA មាន៩១នាក់។
សូមជម្រាបថា ខេត្តកំពតមានមណ្ឌលប្រឡងសរុប១០មណ្ឌល(ក្រុងកំពត ៤, ស្រុកទឹកឈូ៣ និងស្រុកអង្គរជ័យ៣) មាន២១០បន្ទប់ ,មានបេក្ខជនសរុប៥ ១៩៤នាក់ (ស្រី ២៨២១នាក់) ក្នុងនោះបេក្ខជនស្វៃរិន ៣៥០នាក់ (ស្រី១៦១នាក់) ។ការប្រឡងមាន៖ថ្នាក់វិទ្យាសាស្ត្រមាន៣មណ្ឌល ស្មើ៥៤បន្ទប់ ,បេក្ខជនចំនួន ១ ៣២៩នាក់ (ស្រី ៨២៥នាក់ )និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ៧មណ្ឌល ស្មើនឹង១៥៦បន្ទប់ បេក្ខជនចំនួន ៣ ៩៣១នាក់ (ស្រី ២០១២ នាក់)៕
ដោយ ៖សិលា សារិន