អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការនារីដើម្បី​សន្តិភាព ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ​បត្តិការ​ក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅមូលដ្ឋាន

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ​តុលាការ​( អ.ដ.ក.) តំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការ(អ.ដ.ក.) និងលោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិ​បត្តិនៃអង្គការនារី​ដើម្បីសន្តិភាព បាន​អញ្ជើញ​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ​បត្តិការ​ក្នុងការពង្រឹង និងលើកកម្ពស់​ការដោះស្រាយ​វិវាទនៅមូល​ដ្ឋាន។

មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកទ្បើងអំពី​វឌ្ឍន​​ភាព​ការងារសំខាន់ៗ ដែល អ.ដ.ក. សម្រេចបាននាពេលកន្លងមក ក៏ដូចជាទិសដៅការងារទៅមុខរបស់ អ.ដ.ក.។​ឯកឧត្តម បានចាត់ទុក​ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាវឌ្ឍនភាពថ្មីមួយ​បន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់ អ.ដ.ក. និងទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់យន្តការនៃ​ការ​សម្រុះសម្រួលដោះស្រាយវិវាទក្រៅ​ប្រព័ន្ធតុលាការ​ឱ្យកាន់តែងាយ​ស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយ​វិវាទជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ​ ផ្តោតសំខាន់​លើការបង្កើតភាពជាដៃគូលើកិច្ចសហការ​ពង្រឹងការ​ផ្សព្វផ្សាយ​ឱ្យកាន់តែទូលំទូលាយ អំពីអត្ថប្រយោជន៍នៃយន្កការដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ,​ ការផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស​ក្នុងការសម្រុះសម្រួលដោះស្រាយវិវាទ និងការផ្តល់នូវវគ្គបណ្តុះ​បណ្តាល​ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃ​អង្គភាព​ពាក់ព័ន្ធជុំវិញនៅមូលដ្ឋាន៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner