កិច្ចប្រជុំ រវាងគណៈកម្មការរុករកជីកគាស់អដ្ឋិធាតុខេត្តរតនគិរី និងគណៈកម្មការ រុករកអដ្ឋិធាតុខេត្តយ៉ាឡាយ
រតនគិរី៖ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារB សាលាខេត្តរតនគិរី ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង
ខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តរតនគិរី និងលោកជំទាវ ង្វៀន ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ។
កិច្ចប្រជុំមានគោលបំណង ដើម្បីដាក់ចេញនូវផែនការអនុវត្តខ្លឹមសារដែលបានពិគ្រោះយោបល់ តាមខ្លឹមសារ នៃកំណត់ហេតុកិច្ចប្រជុំរវាងគណៈកម្មការរុករកជីកគាស់ខេត្តរតនគិរី ព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈកម្មការរុករក ជីកគាស់ខេត្តយ៉ាឡាយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមសម្រាប់រដូវប្រាំងឆ្នាំ២០២៤-២០២៥នៅក្នុងភូមិសាស្រ្តខេត្តរតនគិរី។
សូមបញ្ជាក់ថា យោងតាមខ្លឹមសារកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មការជំនាញខេត្តទាំងពីរ បានរួមសហការគ្នាយ៉ាងសកម្មក្នុងការអនុវត្តរុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី និងធ្វើមាតុភូមិនិវត្តន៍ បានសរុបចំនួន ៥៤០ អដ្ឋិធាតុ៕
ដោយ ៖ គតិ យុត្ត