ក្រសួងរៀបចំដែនដី កសាងផែរួមមួយសម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនយ៉ាងសម្បូរបែប ផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងរៀបចំផែនការកសាងផែរួមមួយ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនយ៉ាងសម្បូរបែប ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ។
នេះជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផែទេសចរណ៍ ដើម្បីពិនិត្យករណីរៀបចំផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបតាមសំណូមពរជាច្រើនក្នុងការស្នើសុំកសាងផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។
ទាក់ទិននឹងសំណើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបំផុសគំនិតក្នុងការរៀបចំផែរួមមួយដោយមានការចូលរួមភាគហ៊ុនពីម្ចាស់អាជីវកម្មផែទាំងឡាយ ដើម្បីបំរើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូន ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ប្រសើរជាជាងការកសាងផែដាច់ដោយឡែកពីគ្នា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ផែរួមនេះ នឹងក្លាយជាផែចម្រុះ ទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ ហើយមិនមែនត្រឹមតែជាផែធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការរៀបចំឱ្យក្លាយជាដង្ហើមសេដ្ឋកិច្ច សម្រាប់ទាំងអស់គ្នានៅក្នុងមូលដ្ឋានផងដែរ ។
យោងតាមស្មារតីនៃអង្គប្រជុំក្រោមការឯកភាពគ្នានាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងរៀបចំទស្សនទានក្នុងការរៀបចំផែនការនេះ ៕
ដោយ / គ្រី សម្បត្តិ