យន្តហោះអូស្ត្រាលីចាក់ភាពយន្តមានឆុតឆាកស្នេហាស្រើបស្រាល ឲ្យអ្នកដំណើរមើល
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់ប្រទេសអូស្ត្រាលី បានសុំទោសចំពោះការចាក់ផ្សាយខ្សែភាពយន្តមានឆុតឆាកស្នេហាស្រើបស្រាលដល់អ្នកដំណើរ នៅលើជើងហោះហើរ រវាងទីក្រុង Sydney ទៅទីក្រុង Tokyo ប្រទេសជប៉ុន កាលពីពេលសប្តាហ៍មុន។
ខ្សែភាពយន្ត ដែលមានចំណងជើងថា «Daddio» និងសម្តែងដោយនាង Dakota Johnson និង លោក Sean Penn ត្រូវបានចាក់ផ្សាយ ទៅកាន់កាប៊ីនកន្លែងអង្គុយទាំងមូល នេះបើតាមសេចក្តីរាយការណ៍ របស់កាសែតអាមេរិក NBC News។
កាសែត The New York Times បានរាយការណ៍ថា ភាពយន្តដែលមានការខ្លឹមសារផ្លូវភេទ និងរូបភាពអាក្រាតកាយ ខ្លីៗ បានចាក់រយៈពេលជិតមួយម៉ោង ហើយមិនអាចផ្អាក ឬ បិទបានទេ នេះបើតាមសម្តីរបស់អ្នកដំណើរម្នាក់ ដែលបានរាយការណ៍។ ប្រភពបាននិយាយថា «វាជារឿងមិនល្អ សម្រាប់អ្នករាល់គ្នា ជាពិសេស ជាមួយក្រុមគ្រួសារ និងកុមារ នៅលើយន្តហោះ»។
ក្រុមហ៊ុន Qantas Airways បានសុំទោសចំពោះឧបទ្ទវហេតុ ដោយនិយាយថា ភាពយន្តបែបនេះ មិនសមរម្យ សម្រាប់ចាក់បង្ហាញឲ្យអ្នកដំណើរគ្រប់រូប នៅលើយន្តហោះ នោះទេ។
«យើងសូមអភ័យទោស ដោយស្មោះចំពោះអតិថិជន សម្រាប់បទពិសោធន៍នេះ ប៉ុន្តែ វាជារឿងកម្រណាស់»។ យ៉ាងណាមិញ អេក្រង់ទាំងអស់ត្រូវបានប្តូរទៅជាភាពយន្ត ដែលមានលក្ខណៈជាគ្រួសារវិញ ក្រោយចាក់ផ្សាយជិត១ម៉ោង ក្នុងពេលហោះហើរ។
ក្រុមហ៊ុន Qantas បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា ខ្លួនកំពុងរកមើលពីរបៀប ដែលភាពយន្តនេះត្រូវបានបញ្ជូនទៅចាក់ផ្សាយ លើអេក្រង់បែបនេះ ហើយបញ្ជាក់បឋមថា ជាបញ្ហាបច្ចេកទេស នេះបើតាមកាសែត The Guardian៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត