គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ទទួលបានចំណេះដឹងទៅលើ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដ ពីអ្នកជំនាញ
(សៀមរាប)៖ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ទទួលបានចំណេះដឹងទៅលើ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដ ពីអ្នកជំនាញ តាមរយៈវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដសម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលរៀបចំឡើងនៅសណ្ឋាគារបុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិក គ.រ.ឌ. ប្រមាណ ៤០ រូប។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ2024 ។
លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ ដោយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលអាចទទួលបាននូវ ការចែករំលែកចំណេះដឹង និងបទពិសោធនៃការចាប់យកបច្ចេកវិទ្យាថ្មីៗ សម្រាប់អ្នកដឹកនាំការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ជាអាទិ៍ បច្ចេកវិទ្យាដែលប្រើក្លោដជាគោល ការយល់ដឹងអំពីសន្តិសុខ និងអធិបតេយ្យភាពនៃទិន្នន័យ ពាក់ព័ន្ធនឹងការប្រើប្រាស់សម្រាប់បញ្ញាសិប្បនិម្មិត (AI) ប្លុកឆេន និងវិធីសាស្ត្រផ្សេងទៀតដែលប្រើទិន្នន័យ ។
ថ្នាក់ដឹកនាំ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក៏អាចស្វែងយល់បន្ថែមផងដែរអំពីបច្ចេកទេសនៃការគ្រប់គ្រងការផ្លាស់ប្តូរ ក្នុងការងារបរិវត្តកម្មឌីជីថល ផលប្រយោជន៍យុទ្ធសាស្ត្រនៃបរិវត្តកម្មឌីជីថលសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល និងការកសាងការជឿទុកចិត្តលើការចាប់យកឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ ។
ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងអំណរ គុណ ដល់ឯកឧត្តម David L. Almirol, Jr. ព្រមទាំងសាស្រ្តាចារ្យ និងអ្នកជំនាញជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាក្លោដពីក្រុមហ៊ុនអន្តរជាតិដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន AWS ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Huawei ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ នៃការចាប់យកបច្ចេកវិទ្យាថ្មីៗសម្រាប់អ្នកដឹកនាំការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ចំណុចចំនួន២ដែលយើងទទួលបានពីសិក្ខាសាលានេះ ក្រៅពីអ្វីដែលយើងបានទទួលនៅការចែករំលែកចំណេះដឹង និងបទពិសោធន៍ គឺទី១យើងបានឯកភាពជាគោលការណ៍នៅគម្រោងចំនួន១១។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ ក្រុមការងារធ្វើការជាមួយនឹងខាងអគ្គលេខាធិការគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺធ្វើយ៉ាងណាកាន់តែឆាប់កាន់តែល្អ ដើម្បីអនុវត្តការងារឲ្យទទួលបានជោគជ័យ។ ទី២គឺយើងបានជ្រើសរើស ក្រុមការងារត្រូវធ្វើ ជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ចំនួន៦នាក់ ដើម្បីបំពេញការងារឲ្យទទួលបានជោគជ័យ ជូនក្រសួង ស្ថាប័ន ក៏ដូចជារាជរដ្ឋាភិបាលរបស់យើង។ ដូច្នេះ លើការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលេខាធិការដ្ឋាន នឹងរៀបចំរបាយការណ៍ពីសិក្ខាសាលានេះ ជូនទៅដល់សមាជិកទាំងអស់ និងមួយផ្នែកទៀត របាយការណ៍ចេញពីលទ្ធផលនៃសិក្ខាសាលានេះដែរ ក៏នឹងរៀបចំគោរពជូន និងធ្វើការរាយការណ៍ជូនសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដើម្បីសុំគោលការណ៍អនុញ្ញាត។
សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៩-១៣ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធពីសំណាក់ ឯកឧត្តម David L. Almirol, Jr. អនុរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិក នៃក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ នៃសាធារណៈរដ្ឋហ្វីលីពីន ព្រមទាំងសាស្រ្តាចារ្យ និងអ្នកជំនាញជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាក្លោដពីក្រុមហ៊ុនអន្តរជាតិដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន AWS ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Huawei ៕
ដោយ ៖ ង៉ាន់ ទិត្យ