សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ បានមានប្រសាសន៍ថា កងពលតូចលេខ៧០បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកកែសម្រួល ទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភាររបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យសណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំង មានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងរាជធានីភ្នំពេញ។

សមិទ្ធផលរបស់កងពលរយៈពេល ៣០ឆ្នាំ បានកើតឡើងក្រោមការចង្អុលបង្ហាញប្រកបដោយ គតិបណ្ឌិត និងភាពប៉ិនប្រសព្វ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងលើកទឹកចិត្ត ដល់ការចូលរួមមិនខ្លាចនឿយហត់ពី នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អតីតមេបញ្ជាការ កងពលតូចលេខ៧០ និង មេបញ្ជាការ គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ ព្រមទាំងការគាំទ្រពីបណ្តា តួអង្គពាក់ព័ន្ធជាច្រើនផ្សេងទៀត។

មេបញ្ជាការកងពលតូចលេខ៧០ បន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ និងមោទនភាព ធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាពនយោបាយ និង សង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់នាឆ្នាំ២០៥០។ ចំពោះវិស័យការពារជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតតែងតែគិតគូរយកចិត្តទុកដាក់ជាអាទិភាព។ សម្តេចធិបតី គឺជាកុលបុត្រខ្មែរដ៏ឆ្នើមបំផុតមួយរូប ប្រសូត្រពីកងទ័ព ធ្លាប់ទទួលបានការបណ្តុះបណ្តាល និងដឹកនាំកងទ័ព ដូច្នេះសម្តេចធិបតី យល់យ៉ាងច្បាស់ពីកងទ័ព យល់អំពីសុខទុក្ខរបស់យោធិនគ្រប់រូប និងគ្រប់កងឯកភាព ។

ក្នុងឱកាសនេះដែរ, ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ បានប្តេជ្ញាចំនួន ៥ចំណុច៖

ទី១. ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ។

ទី២. ប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានស្ថិតស្ថេរ រឹងមាំជាអមតៈ។

ទី៣. ប្តេជ្ញាវាយកម្ទេចរាល់ការឃុបឃិត ប៉ុនប៉ងបំផ្លាញ សន្តិភាព ស្ថិរភាពកម្ពុជា និងប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ពីមជ្ឈដ្ឋានខាងក្រៅ។

ទី៤. ប្តេជ្ញាអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និង ផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ព្រមទាំងគោរពតាមបាវចនា២៖ គឺកែទម្រង់ខាងក្នុង បង្កើន មិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥៖ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ ។

ទី៥. ប្តេជ្ញាការពារសមិទ្ធផលជាតិទាំងឡាយ ដែលជាស្នាដៃ ដ៏ឧត្តុង្គឧត្តមជាមរតកប្រវត្តិសាស្ត្របន្សល់ទុកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្តេជ្ញាការពារ និងគាំទ្រការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner