រដ្ឋបាលខេត្តបាត់ដំបងនឹងប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែត​ប្រទីបនៅថ្ងៃពុធនេះ

បាត់ដំបង៖ខណៈនេះ រដ្ឋបាលខេត្តបាត់ដំបង កំពុងមមាញឹកក្នុង​ការតុបតែងលម្អ ,ការរៀបចំប្រទីបចំនួន៧នៅតាមបណ្តោយ ដង​ស្ទឹងសង្កែ ដើម្បីត្រៀមនៅក្នុងពិធីបុណ្យអុំទូក និងបណ្តែត​ប្រទីប​ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃពុធទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ នេះ។

អាន៖មុនការប្រារព្ធពិធីមកដល់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់​ដំបងបានអញ្ជើញពិនិត្យវឌ្ឍនភាពការងារដោយផ្ទាល់ដើម្បីធានា​ទាំងសោភណភាពសណ្ដាប់ធ្នាប់សុខសុវត្ថិភាពនិងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋជិតឆ្ងាយ,ទេសចរជាតិ,អន្តរជាតិក្នុងឱកាស​នេះ។ជាការកត់សម្គាល់សម្រាប់ខេត្តបាត់ដំបងឆ្នាំនេះ ជាឆ្នាំសាកល្បង​លើក​ដំបូងក្នុងការ បណ្ដែតប្រទីបខ្នាតធំចំនួន៧ ។

ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានថ្លែងឱ្យដឹងថា ពិធីបុណ្យអុំទូកឆ្នាំនេះ រដ្ឋាករទឹកបាត់ដំបងទទួលបាន នូវការណែ​នាំពីរដ្ឋបាលខេត្តបានកំណត់ឱ្យមានរៀបចំប្រទីបមួយដើម្បីដាក់តាំងបង្ហាញក្នុងពិធីបុណ្យនេះផងដែរ។ មកដល់ថ្ងៃនេះប្រទីបរដ្ឋាករទឹក​បាត់ដំបង​បានរៀបចំតុបតែងលម្អរួចរាល់អស់ហើយនិងកំពុងតែដាក់តាមបណ្ដោយដងស្ទឹងសង្កែ ។

ចំណែក លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹក​ជញ្ជូនខេត្តបាត់ដំបង ក៏បានបញ្ជាក់ពីការរៀបចំប្រទីប របស់មន្ទីររួ​ច​រាល់ផងដែរ។ខណៈនិមិត្តសញ្ញាប្រទីបនៃមន្ទីរខ្លួន បានរំលេចអំពី​សមិទ្ធផលធំៗ ដែលមន្ទីរខិតខំនិងសម្រេចបាន ជារួមមាន៖ផ្លូវ ស្ពាន និងទីលានចាក់សំរាម…ជាដើម។ល។

សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំពិធីបុណ្យអុំទូក-បណ្ដែតប្រទីប នៅតាមបណ្តោយដងស្ទឹងសង្កែក្នុង ក្រុងបាត់ដំបងរ​យៈ​ពេល២ថ្ងៃចាប់ពីថ្ងៃទី១៦-១៧ ខែតុលាដើម្បីអបអរសាទរពិធី​បុណ្យ​ចេញព្រះវស្សា និងរួមចំណែកក្នុងការថែរក្សាទំនៀមទំលាប់ប្រពៃណី​ជាតិដ៏រុងរឿង។ពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបងក៏ដូចជា​ការបើកឱកាសជូនប្រជាពលរដ្ឋសប្បាយរីករាយ។នៅពេលរាត្រី​ក៏មានការរៀបចំបណ្ដែតប្រទីប,បង្ហោះគោមនិងបាញ់កាំជ្រួច។
រដ្ឋបាលខេត្តបាត់ដំបង សង្ឃឹមថា ភ្ញៀវទេសចរជាតិ អន្តរជាតិ​និង​ប្រជាពលរដ្ឋជិតឆ្ងាយ មកចូលរួមទស្សនា និងកម្សាន្តឱ្យ​បានច្រើន​កុះករជាងបណ្តាឆ្នាំមុនៗ៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner