សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ យោធិនដែលដល់អាយុ ចូលនិវត្តន៍ ប៉ុន្ដែនៅមានកម្លាំង សូមរក្សាទុកសិន

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពល​តូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់គោលការណ៍ឱ្យបង្កើនយកចិត្តទុកដាក់​ចំពោះយោធិនចូលនិវត្តន៍, ចំពោះយោធិនជំនាញ ដែលមានសមត្ថភាពល្អ ត្រូវ​រក្សាទុក ដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេន ចំណែកយោធិន ដែលដល់អាយុ​ចូលនិវត្តន៍ ប៉ុន្ដែនៅក្មេងមានកម្លាំង ក៏សូមឱ្យផ្អាកការចូលនិវត្តន៍សិនដែរ ។

សម្ដេចបវរធិបតី បានបញ្ជាក់ថា នៅក្នុងជួរកងទ័ព យោធិន ដែលចូលនិវត្តន៍មាន​ច្រើន​ជាងអ្នកដែលរើសចូលបំពេញមកវិញ ដូច្នេះ សម្ដេច បានផ្ដល់គោលការណ៍​ចំពោះយោធិន ដែលចូលនិវត្តន៍ សូមយកចិត្តទុកដាក់ដល់នាយទាហាន នាយទា​ហានរង និងពលទាហានប្រភេទ២ ដែលបាតបង់ សមត្ថភាពការងារ ។

សម្ដេចបន្តថា ចំពោះយោធិនជំនាញចាំបាច់ដែលគាត់នៅមាន សុខភាពល្អ គួររក្សាសិន ដើម្បីបន្សាំ និងបណ្ដុះបណ្ដាល អ្នកបន្តវេន ដូចជា៖ ជំនាញរថក្រោះ កាំភ្លើងធំ វិស្វកម្មជាដើម។ ដោយឡែក យោធិនដែលដល់អាយុ ចូលនិវត្តន៍ តែនៅក្មេងនៅមានកម្លាំង សូមឱ្យផ្អាកការចូលនិវត្តន៍សិនដែរ មិនចាំបាច់ដាក់​ឱ្យចូលនិវត្តបង្គ្រប់គោលការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះទេ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ចាក់ថា នាយទាហាន នាយទាហានរង និង​ពលទាហានដែលនៅក្មេង នៅមានកម្លាំងមាំមួន នៅមានឆន្ទៈ ត្រូវទុកឱ្យគាត់ បំពេញភារកិច្ចតទៅទៀត ព្រោះពួកគាត់ បានបន្សាំ នឹងការងារជាយោធិន​ច្រើនឆ្នាំហើយ ។

សម្ដេច ក៏បានផ្ដល់យោបល់ទៅខាងយោធសេវាកម្ម និងខាងនីតិកម្ម អាចពិនិត្យមើល​ពីលក្ខខន្តិកៈរបស់ កងយោធពលខេមរភូមិន្ទឡើងវិញ ពិនិត្យមើលលក្ខខណ្ឌ នៃការ​ចូល​និវត្តន៍ ដូចជា៖ ដំឡើងអាយុចូលនិវត្តន៍ សម្រាប់យោធិនស័ក្តិទាបៗ ហើយ​អាច​គិតពីកាំប្រាក់ខ្លះ ជូនពួកគាត់ សម្រាប់ពេលខាងមុខ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner