នាយករដ្ឋមន្ត្រី ព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកក្លែងឯកសារ ចង់បានដីរដ្ឋ
(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកក្លែងឯកសារ ចង់បានដីរដ្ឋ ជាពិសេស អ្នកដែលខ្ចីដៃប្រជាពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ ពីព្រោះអ្នកខ្លះ បន្លំខ្លួនជាតំណាងពលរដ្ឋក្រីក្រ ដើម្បីស្នើសុំដីរាប់ពាន់ ហិកតាពីរដ្ឋ ដែលនោះ គឺជាបទល្មើស ត្រូវប្រឈមនឹងផ្លូវច្បាប់ ។ តែរាជរដ្ឋាភិបាល ក៏មានយន្តការច្បាស់លាស់ ក្នុងការផ្ដល់ដីជូនប្រជាពលរដ្ឋ ដែលគ្មានដីពិតប្រាកដ ។
សម្ដេចបវរធិបតី បានថ្លែងថា ម្សិលមិញ ខ្ញុំស៊ីញ៉េឯកភាពពីរ លុបចោលការសុំកាត់ឆ្វៀលដីឱ្យប្រជាពលរដ្ឋ។ អ្នកខ្លះ តំណាងឱ្យប្រជាពលរដ្ឋក្រីក្រអត់ដី ៣០០គ្រួសារ សុំកាត់ឆ្វៀលដី ១០០០ ឬ ២០០០ហិកតា យកទៅឱ្យ ប្រជាពលរដ្ឋ។ ខ្ញុំទម្លាក់ឱ្យឯកឧត្តម សាយ សំអាល់ តែអ្នកតំណាងប្រជាពលរដ្ឋនោះ មិនដឹងប្រជាពលរដ្ឋនៅឯណា ហើយស្នើសុំ សុទ្ធតែដីក្នុងឧទ្យានជាតិ ។ ករណីស្នើសុំបែបនេះ រាជរដ្ឋាភិបាល មិនអនុញ្ញាតជាដាច់ខាត។
ជាមួយគ្នានេះ សម្ដេចបវរធិបតី បានផ្ដាំទៅកាន់អ្នក ដែលចង់ក្លែងបន្លំតាមវិធីហ្នឹង នឹងត្រូវប្រឈមនឹងផ្លូវច្បាប់ ព្រោះជាបទល្មើសបោកបញ្ឆោត។
សម្ដេចធិបតី បញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដ រាជរដ្ឋាភិបាល កំពុងរៀបចំយន្តការ រៀបចំនីតិវិធីចុះបញ្ជី វាស់វែងឱ្យបានច្បាស់ ចៀសវាងកន្ទេលធំបន្លំដេក។ ប្រជាពលរដ្ឋ ដែលអត់មានដីពិតប្រាកដ យើងបានអនុវត្ត គោលនយោបាយដីសម្បទានសេដ្ឋកិច្ចជាប់ជាប្រចាំ។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំធ្វើតាមមេខ្យល់ ដែលខ្ចីដៃប្រជាពលរដ្ឋស្នើសុំដីរដ្ឋ ហើយទៅទន្ទ្រានដីព្រៃដីរដ្ឋ។ ប្រសិនបើអត់ដីពិតប្រាកដ រាជរដ្ឋាភិបាល មានយន្តការផ្ដល់ដីពិតប្រាកដ ។ តាមរយៈ យន្តការដែលមានស្រាប់ រាជរដ្ឋាភិបាល នឹងបង្កើតគណៈកម្មាធិការជាតិ ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ ខណៈបច្ចុប្បន្ន កំពុងចុះសិក្សាទីតាំង និងនីតិវិធី ដើម្បីផ្ដល់ដីឱ្យប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយជួយក្នុងការកសាង ភូមិ ឃុំ នៅលើដីថ្មីនោះ ។
សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា ការការពារដី និងធនធានធម្មជាតិ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដែលត្រូវធានាចំពោះមុខប្រជាពលរដ្ឋ ប្រសិនបើប្រជាពលរដ្ឋ ខ្វះដីពិតមែន រដ្ឋ នឹងផ្ដល់ឱ្យតាមយន្តការត្រឹមត្រូវ តែមិនអាចឱ្យជនទុច្ចរិតណា មកបន្លំយកដីរដ្ឋបាននោះឡើយ ៕
ដោយ ៖ វណ្ណលុក




