វេណេស៊ុយអេឡាចោទលោក Elon Musk ជះលុយ ១ពាន់លានដុល្លារធ្វើរដ្ឋប្រហារ

ការ៉ាកាស់ ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ចោទប្រកាន់មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk បានជះលុយយ៉ាងហោចណាស់ ១ពាន់លានដុល្លារ ញុះញង់ឱ្យមានអំពើហិង្សានៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីដើមឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT។

លោក Maduro បានចោទប្រកាន់លោក Musk នៅក្នុងកម្មវិធីផ្សាយតាមកញ្ចក់ទូរទស្សន៍ប្រចាំសប្តាហ៍ថា មានប្រភពទម្លាយថា មេធំ SpaceX ដែលបានចូលរួមនៅក្នុងជម្លោះសាធារណៈដ៏យូរអង្វែងរូបនេះ បានចំណាយមិនតិចជាង ១ពាន់លានដុល្លារលើការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ជាពិសេស ការផ្ទុះឡើងនៃពួកហ្វាស៊ីស ដែលបង្កអំពើហឹង្សាប្រឆាំងនឹងដំណើរការបោះឆ្នោតនៅវ៉េណេស៊ុយអេឡា។

លោក Maduro ត្រូវបានប្រកាសថា ជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ដោយអាជ្ញាធររៀបចំការបោះឆ្នោតជាតិ បើទោះបីជាសហរដ្ឋអាមេរិកអះអាងថា ជ័យជំនះនេះត្រូវបានលួចពីបេក្ខភាពគណបក្សប្រឆាំង លោក Edmundo Gonzalez ក៏ដោយ។

បន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា លោក Musk បានចោទប្រកាន់លោក Maduro ពីការក្លែងបន្លំការបោះឆ្នោត ខណៈប្រធានាធិបតីវេណេស៊ុយអេឡារូបនេះប្រកាសថា មហាសេដ្ឋីមានដើមកំណើតនៅអាហ្វ្រិកខាងត្បូងរូបនេះ ជាសត្រូវរបស់គាត់ ដែលគ្រប់គ្រងការពិតបែបប្រឌិតបង្កើតឡើងដោយប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទោះបីជាយ៉ាងណា អ្នកទាំងពីរបានយល់ព្រមដោះស្រាយការខ្វែងគំនិតគ្នា បន្ទាប់ពីការប៉ះទង្គិចគ្នាដែលមិនធ្លាប់កើតមានពីមុនមក៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner