រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធពិធីប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច ​និងតាំងពិព័រណ៍

កំពង់ចាម៖នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សាខេត្ត បានអញ្ជើញប្រារព្ធពិធីបើកការប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច​ នាវេទិកាអុំទូក នៅដងទន្លេមេគង្គ នៃភូមិ​ជ្រោយថ្ម សង្កាត់​បឹងកុក ក្រុងកំពង់ចាម។ក្នុងពិធីនេះក៏មានការ​តាំងពិព័រណ៍​សមិទ្ធផលនានារបស់រដ្ឋបាលខេត្ត, រដ្ឋបាលក្រុង-ស្រុក ។

ព្រឹត្តិការណ៍ប្រណាំងទូកនៅខេត្តកំពង់ចាម ដូចគ្នាទៅនឹងខេត្តមួយ ចំនួនកំពុងប្រារព្ធដែរ ដូចជា ខេត្តកណ្ដាល ខេត្តបាត់ដំបង ជា​ដើម។ 

សូមជម្រាបថា​ ខេត្តកំពង់ចាមឆ្នាំនេះ​ទូក​ដែល​បាន​ដាក់​ពាក្យ​សុំ​ចូល​ប្រកួត​​ចំនួន​ ៥៩ទូក​  មកពីក្រុង ស្រុកទាំង១០ ​។ក្នុង​នោះ​ទូកអុំ​បុរស​ខ្នាត​វែង​ ២១ទូក​ ស្មើនឹង​ ១០គូ​ និង​ទូក​ខ្នាត​អន្តរជាតិចំនួន​ ៣៨ទូក​ ស្មើនឹង​ ១៩គូ​ ។​កីឡាករទូក មានចំនួន​ ២ ៣៩៦នាក់​ និង​កម្លាំង​ត្រៀម ៥៥៧នាក់​ សរុបចំនួន​​ ២ ៩៥៣នាក់​ ។ចំពោះ​លក្ខខណ្ឌនៃការ​ប្រណាំង​ទូក​ ង​ និង​ទូក​ខ្នាត​អន្តរជាតិ​មាន​ចម្ងាយ​ ១ ៧០០ម៉ែត្រ​ ដែលចាប់ផ្តើម​អុំ​រយៈពេល​១ថ្ងៃ​ពេញ​ គឺ​នៅ​ថ្ងៃទី​១៧​ ខែតុលា​។ទូកជ័យលាភី​លេខ​១​, លេខ​២​ និង​លេខ​៣​ នឹង​ទទួល​បានពានរង្វាន់ ។ក៏​មាន​ស្តង់​តាំងពិព័រណ៍​ជាង​ ​១០០ស្តង់​ និង​ការ​ប្រគំតន្ត្រីនៅតាមសួន ច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាមផងដែរ។ ការប្រគំតន្រ្តីនឹងមាន ផ្សាយ ផ្ទាល់លើកញ្ចក់ទូរទស្សន៍អប្សរា រៀងរាល់យប់ ចាប៉ពីម៉ោង០៧:៣០ នាទី ថ្ងៃទី១៧ ដល់ថ្ងៃ១៨​ ខែតុលា ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បញ្ជាក់ថា ការរៀបចំពិធីនេះ ដើម្បីថែ រក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាស សប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព ៕


ដោយ៖លី ពៅ

ads banner