ពិធីប្រណាំងទូកនៅខេត្តកំពង់ធំបានបញ្ចប់ក្រោមស្នាមញញឹមនិងក្តីសប្បាយរីករាយ

កំពង់ធំ៖ពិធីប្រណាំងទូកនៅខេត្តកំពង់ធំបានប្រារព្ធបិទកាលពី​រសៀល​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ និងលោកជំទាវ ឯកឧត្ដម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រី​រាជការ មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមកចូលរួមទស្សនា និងអបអរសាទរ។

ពិធីប្រណាំងទូកខេត្តកំពង់ធំឆ្នាំនេះបានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែតុលា​នៅលើដង​ស្ទឹងសែន ក្រុង​ស្ទឹងសែន ។ ក្រៅពីការប្រណាំងទូក ក៏មានកម្មវិធីបណ្តែតប្រទីប ការបាញ់កាំជ្រួច ការប្រគំតន្រ្តី និងការដាក់លក់​ផលិតផល​នានាជូន​ប្រជាពលរដ្ឋ អ្នកទេសចរជាតិ អន្តរជាតិទស្សនាកម្សាន្ត​ផងដែរ។

ក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំង ឯកឧត្ដម នួន ផារ័ត្ន បានរាយ​ការណ៍​អំពីលទ្ធផលនៃការប្រកួតជូនគណៈអធិបតីថា ក្នុងឆ្នាំ​នេះមានទូកចូល​រួមចំនួន ៦៥ ទូក រួមមានៈ ទូកវែង៩ទូក ទូកខ្នាតអន្តរជាតិ ៤១ ទូក និងទូកផ្កាចារ ១៥ ទូក ដែលមាន​កីឡាករ កីឡាការិនីសរុបចំនួន ២,០៦១ នាក់ ក្នុងនោះ មានកីឡាករបម្រុងចំនួន ៣៧០ នាក់។ ការរៀបចំពិធីនេះគឺដើម្បី​បន្ត​ថែរក្សា​ទំនៀមទំលាប់ ប្រពៃណីល្អៗ និងរំលឹកពីសមត្ថភាពរបស់កងទ័ពជើងទឹកជាថ្មី។

នៅក្នុងឱកាសនោះឯកឧត្តម វង្សី វិស្សុត និងលោកជំទាវ បានប្រគល់​ពាន និងថវិកាជូនដល់ក្រុមទូកដែលបានជ័យជម្នះ​ក្នុងនោះ
ទូកវែង​បុរស៖ផែនលេខ១ ទទួលបាន ៤លានរៀល, ផែនលេខ២ ទទួលបាន ៣លានរៀលនិងផែនលេខ៣ទទួលបាន ២លាន រៀល។ចំណែកទូកវែងនារី៖ផែនលេខ១ ទទួលបាន ៤លានរៀល។

ចំពោះទូកខ្នាតអន្តរជាតិបុរស៖ផែនលេខ១ ទទួលបាន ១លាន៨​សែនរៀល,ផែនលេខ២ ទទួលបាន ១លាន២សែនរៀល​និង  ផែនលេខ៣ទទួលបាន ៨សែនរៀល។ទូកខ្នាតអន្តរជាតិនារី៖ផែនលេខ១ ទទួលបាន ១លាន៨សែនរៀល។

ចំណែកទូកផ្កាចារបុរស៖ផែនលេខ១ ទទួលបាន ១លាន២សែន​រៀល,ផែនលេខ២ ទទួលបាន ៨សែនរៀលនិងផែនលេខ៣ ទទួលបាន ៦សែនរៀល។ទូកផ្កាចារនារី៖ផែនលេខ១ ទទួលបាន ១លាន២​សែនរៀល,ផែនលេខ២ ទទួលបាន ៨សែនរៀល។

នៅក្នុងពិធីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានប្រកាសឧបត្ថម្ភ​ថវិកាជូនរដ្ឋបាលខេត្តកំពង់ធំ សម្រាប់ការរៀបចំការប្រណាំងទូកនា​ពេលអនាគត៕
ដោយ៖​ប៊ុន​រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner