កម្ពុជា-ឥណ្ឌូនេស៊ី មានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Mohd Jusuf Kalla អតីតអនុប្រធានា​ធិបតី​ឥណ្ឌូ​នេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាស៊ី​ប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅ​រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយដែល​បាន​ជួប​​ពិភាក្សាការងារជាមួយឯកឧត្តមប្រធានអង្គការ CAPDI ព្រមទាំងបាននាំយក​នូវការ​ផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាមិត្តចាស់របស់ឯកឧត្តមជា​យូរណាស់​មកហើយ។

សម្ដេចបវរធិបតីបានអញ្ជើញឯកឧត្តមប្រធានអង្គការ ចូលរួមក្នុង «មហាសន្និបាត​លើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP» នៅខែវិច្ឆិកា ខាងមុខនេះ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ និងបានអញ្ជើញឯកឧត្តមចូលរួមរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះ​ព្រះខែ និងបណ្តែតប្រទីប ស្របពេលដំណាលគ្នានៃសន្និសីទ្ធនេះផងដែរ។

ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជូនឯកឧត្តមប្រធានអង្គការ CAPDI អំពីតួនាទីដ៏មានសារៈសំខាន់ និងមិនអាចកាត់ថ្លៃបានរបស់ឥណ្ឌូនេស៊ី ក្នុងការស្វែងរកសុខសន្ដិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា នៅក្នុងទសវត្សឆ្នាំ១៩៨០ និង១៩៩០ផងដែរ។

សម្ដេចបវរធិបតី និងឯកឧត្តមប្រធានអង្គការ CAPDI មានសុទិដ្ឋិនិយមចំពោះ​វឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌូនេស៊ី និងបាន​ពិភាក្សាអំពីការជំរុញ និងបង្កើតឱ្យមានយន្តការទំនាក់ទំនងនៅគ្រប់កម្រិត គ្រប់​វិស័យ ទាំងក្នុងក្របខ័ណ្ឌផ្លូវការ និងក្រៅផ្លូវការ, ក្របខ័ណ្ឌរដ្ឋាភិបាលនិងរដ្ឋា​ភិបាល, វិស័យឯកជន និងវិស័យឯកជន, គណបក្សនិងគណបក្ស ដែលនេះជាកត្តារួមចំ​ណែក​ដល់ភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចបវរធិបតី និងឯកឧត្តមប្រធានអង្គការ CAPDI ក៏បានពិភាក្សាអំពីការជំរុញ​ការតភ្ជាប់​ប្រទេសទាំងពីរ តាមរយៈទំនាក់ទំនងរវាងវិនិយោគិន និងវិនិយោគិន ទំនាក់​ទំនងរវាងប្រជាជន និងប្រជាជន ការជំរុញវិស័យទេសចរណ៍ ពិសេសការ​ជំរុញការតភ្ជាប់ឱ្យកាន់តែប្រសើរ​ និងសម្បូរណ៍បែប ពីគោលដៅទេសចរណ៍​សំខាន់ៗ​រវាងកម្ពុជា និងឥណ្ឌូនេស៊ី។

បន្ថែមលើនោះ សម្តេចបវរធិបតី និងឯកឧត្តមប្រធាន CAPDI ក៏បានផ្លាស់​ប្ដូរទស្សន​ទានអំពីបញ្ហាតំបន់ និងអន្តរជាតិ ដោយផ្ដោតលើ ការកសាងសុខសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ សំដៅធានាបាននូវការអភិវឌ្ឍរីកចម្រើន និងការលើក​កម្ពស់​កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner