អង្គការសំអាតទន្លេ សមុទ្រ ៖ ក្នុងពិធីប្រណាំទូកខេត្តកណ្តាលឆ្នាំ២០២៣ ប្រមូលសំរាមបាន ៥តោន និង ឆ្នាំ២០២៤ ថយចុះមកត្រឹមតែ ១,៥តោន
(ខេត្តកណ្ដាល)៖ អង្គការសំអាតទន្លេ សមុទ្រ(River Ocean Cleanup) បានបញ្ជូនទូកកំចាត់សំរាម និងមន្រ្តីជំនាញ ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែតុលា ឆ្នាំ២០២៤ កន្លងមក ដើម្បីរក្សាអនាម័យទន្លេក្នុងអំឡុង និងក្រោយពេលពិធីប្រណាំងទូក និងបញ្ចៀសការបំពុលដោយសំរាមប្លាស្ទិក ដែលបោះចោលដោយជនមួយចំនួន ខ្វះការយល់ដឹងអំពីផលប៉ះពាល់ពីប្លាស្ទិកទៅទន្លេ ដែលជាប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ។
ប្រភពពីអង្គការសំអាតទន្លេ សមុទ្របានឱ្យដឹងថា ៖ កាលពីឆ្នាំ២០២៣ អង្គការសំអាតទន្លេសមុទ្រប្រមូលបានសំរាមប្រមាណ៥ តោន នាពិធីប្រណាំងទូកខេត្តកណ្ដាល និង ហើយឆ្នាំ២០២៤ នេះ អង្គការ ប្រមូលសំរាមប្រមាណ ១,៥ តោនប៉ុណ្ណោះ ដែលការថយចុះនៃបរិមាណប្រមូលចេញពីទន្លេនេះ បង្ហាញថា ប្រជាពលរដ្ឋ និងកីឡាករប្រណាំងទូកបានទុកដាក់សំរាមមានការប្រសើរជាងមុន ៧០ភាគរយ ទៅ ៨០ភាគរយ ដោយសារមានការដឹកនាំ រៀបចំ បានល្អប្រសើរពីសំណាក់ រដ្ឋបាលខេត្តកណ្ដាល រដ្ឋបាលក្រុងតាខ្មៅ គណកម្មការបុណ្យអ៊ុំទូក មន្ទីរបរិស្ថាន កីឡាករប្រណាំងទូក ប្រជាពលរដ្ឋ និងភ្ងៀវទេសចរទាំងអស់ចូលរួមទុកដាក់សំរាមបានត្រឹមត្រូវ ។
ជាមួយគ្នានេះអង្គការសំអាតទន្លេ សមុទ្រ ក៏បានត្រៀមទូកកំចាត់សំរាម មន្រ្តីជំនាញ និងអ្នកស្មគ្រ័ចិត្ត សហការជាមួយសាលារាជធានីភ្នំពេញ សម្រាប់សំអាត និងរក្សាអនាម័យទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រារព្ធនាថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញខាងមុខនេះ និងជាសារដល់ប្រជាពលរដ្ឋទូទាំងប្រទេសអោយចូលរួមរក្សាអនាម័យទន្លេ ដែលជាប្រភពទឹកមិនអាចខ្វះបានសំរាប់ជីវិត។
អង្គការសំអាតទន្លេ សមុទ្រ បានឱ្យដឹងដែរថា៖មកដល់ពេលនេះ សំរាមប្រមាណ ១៨៨៥ តោនបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ដោយអង្គការសំអាតទន្លេ សមុទ្រ ជាពិសេស អង្គការ បានចូលរួមយ៉ាងសកម្មជាមួយមន្ទីរបរិស្ថានខេត្ត/ក្រុងនានាដូចជាភ្នំពេញ និងខេត្តកណ្ដាល ព្រមទាំងខេត្ត/ក្រុងផ្សេងៗទៀត ក្នុងការចុះអប់រំពីសារសំខាន់នៃទន្លេ ការទុកដាក់ និងញែកសំរាម ព្រមទាំងសកម្មភាពសំអាត តាមសាលា និងសហគមន៍ជាប់មាត់ទន្លេទាំងអស់ ក្រោមការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ជាពិសេសក្រុមហ៊ុន Leader Energy ដែលបានផ្ដល់ថវិកាសំរាប់បេសកកម្មសំអាតទន្លេរយ:ពេល ៥ ឆ្នាំ ពីឆ្នាំ២០២៣ ដល់ ២០២៨ ដោយសកម្មភាពសំអាតទន្លេនេះ ផ្សារភ្ចាប់ជាមួយចក្ខុវិស័យរបស់ក្រុមហ៊ុន ដែលការការពារប្រភពទឹក ជាការពារអាយុជីវិតមនុស្ស សត្វ និងធម្មជាតិ។
ដើម្បីទទួលពង្រីកបេសកកម្មសំអាតទន្លេ សមុទ្រ ទូទាំងប្រទេស ក្រុមហ៊ុនឯកជន ម្ចាស់ជំនួយរួមគ្នាក្នុងបេសសកម្មសំអាតទន្លេ ធ្វើយ៉ាងណាអោយទន្លេ និងសមុទ្រគ្មានសំរាម ។
អង្គការសំអាតទន្លេ សមុទ្រ ក៏នឹងស្វាគមន៍ការចុះពិនិត្យ ទស្សនៈកិច្ចសកម្មភាពផ្ទាល់ជាមួយអង្គការសំអាតទន្លេសមុទ្រ និងពិនិត្យលទ្ធភាពផ្តល់ទីតាំងសំរាប់កែច្នៃសំរាម និងសំភារៈផ្សេងជាមធ្យោបាយដឹកជញ្ជូនទាំងផ្លូវទឹកនិងផ្លូវគោក ជាពិសេសណែនាំគម្រោងថវិការសម្រាប់បេសកកម្មសំអាតទន្លេ រយៈពេលវែងនិងរួមគ្នាឈានទៅរកចីរភាព ភាពស្អាត និងភាពប៉ៃតង។ មានចំណាប់អារម្មណ៍សូមទាក់ទងមកកាន់ Tel: +855 962322333 Email: [email protected]។
គួរបញ្ជាក់ថា ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវ និងក្រសួងធម្មការ និងសាសនា ក៏បានសហការជាមួយអង្គការសំអាតទន្លេ សមុទ្រក្នុងការដឹកនាំសហការរៀបចំទិវាសំអាតពិភពលោកនៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ដែលជាសារមួយទៅកាន់សហគមន៍អន្តរជាតិថា “កម្ពុជាស្អាត ខ្មែរធ្វើបាន”ផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ