សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះការរៀបចំប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ដែលប្រព្រឹត្តទៅបានដោយជោគជ័យ និងសង្ឃឹមថា នៅឆ្នាំក្រោយនឹងមានការចូលរួមប្រកួតច្រើនជាងឆ្នាំលើកដំបូងនេះ ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។
សម្ដេចធិបតី បានលើកឡើងថា បើទោះបីមិនបានអញ្ជើញទស្សនាព្រឹត្តិការណ៍ប្រកួតដោយផ្ទាល់នៅទីលាន ប៉ុន្ដែសម្ដេចបានតាមដានជាប់ជាប្រចាំតាមរយៈការផ្សាយផ្ទាល់ចេញពីទីលានប្រកួត ទោះបីសម្ដេច ជាប់បេសកកម្មនៅក្រៅប្រទេស ក៏នៅតែឆ្លៀតពេលសម្រាក ដើម្បីតាមដានការប្រកួតដ៏ល្អមួយនេះផងដែរ ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រយៈពេល៣ថ្ងៃដែលបងប្អូនបានប្រកួតដោយយកចិត្តទុកដាក់ និងគ្រប់គ្រងដឹកនាំការប្រកួត។ ខ្ញុំអត់បានមើលផ្ទាល់រហូតដល់ល្ងាចនេះ ប៉ុន្ដែបានមើលជាប់តាមការ Live (ផ្សាយផ្ទាល់) ទៅដល់ប្រទេសឥណ្ឌូនេស៊ី ក៏អង្គុយមើលដែរ ឃើញការប្រកួត ការសម្ដែងរយៈពេល ៣ថ្ងៃនេះ គឺធ្វើបានដោយរលូន។ ខ្ញុំសូមអរគុណចំពោះគណៈកម្មការរៀបចំ ។
សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តថា ក្នុងរយៈពេលខ្លី គណៈកម្មការរៀបចំបានល្អ ថែមទាំងមានការចូលរួមយ៉ាងច្រើនកុះករសំណាក់កីឡាការ ដែលមកពីបណ្ដាសហព័ន្ធផ្សេងៗ និងអង្គភាពជាច្រើនទៀត សរុបចំនួន៥៥អង្គភាព/ក្លឹប/សហព័ន្ធ ដែលបានចូលរួម ។
សម្ដេចបានកត់សម្គាល់ថា ការរៀបចំលើកដំបូងនៅឆ្នាំ២០២៤នេះ ដោយសារតែទីលានតូច គឺអាចកំណត់អ្នកចូលរួមប្រកួតត្រឹមជាង ៤០០នាក់ប៉ុណ្ណោះ ប៉ុន្ដែសម្ដេច ជឿជាក់ថា ផ្អែកតាមបទពិសោធន៍លើកដំបូងនេះ នៅឆ្នាំបន្ដបន្ទាប់នឹងអាចមានការចូលរួមប្រកួតច្រើនជាងនេះ។ ជាមួយគ្នានេះ សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណដល់ព្រឹទ្ធាចារ្យយុទ្ធគុនបុរាណ ចំនួន៣៥រូប ដែលបានចូលរួមចំណែកក្នុងការរៀបចំប្រកួត និងសម្ដែងក្នុងព្រឹត្តិការណ៍នេះ ។
សូមរំលឹកថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» លើកទី១ បានរៀបចំធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ «មរតកយុទ្ធគុនដូនតាខ្មែរ» ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ