អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា ៖ ធនធានមនុស្សគឺសំដៅទៅលើមនុស្ស មាន វិជ្ជាជីវៈ និងភាពឆ្លាតវៃ

(ខេត្តស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសាលានគរ​បាលជាតិ​ភូមិភាគ១ ខេត្តស្ទឹងត្រែង ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានបណ្ឌិតសភា​នគរ​បាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតប​ឋមវិជ្ជា​ជីវៈនគរបាលជំនាន់ទី១៨ លើកទី២ ដល់សិស្សនគរបាលជ័យលាភីសរុបចំនួន ១៧៥នាក់ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានលើក​ឡើង​ថា ៖ ធនធានមនុស្ស គឺសំដៅលើមនុស្សមានវិជ្ជាជីវៈនិងភាពឆ្លាតវៃ ។ ទន្ទឹម​នេះ​ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្ដល់អទិភាពខ្ពស់ដល់ការងារអប់រំ​បណ្ដុះ​បណ្ដាល ព្រមទាំងបានដាក់ចេញនូវផែនការកំណែទម្រង់​លើកងកម្លាំង​នគរ​បាលជាតិជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបាន​ផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំង​នគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនិងតម្រូវការនៃអង្គភាពនគរបាល ។

ឯកឧត្តមបានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់​របស់​សា​លានគរបាលជាតិភូមិភាគ១ ដើម្បីឆ្លើយតបនឹងតម្រូវការ នៃការបណ្ដុះ​បណ្ដា​ល​ក្នុងយុគសម័យនៃសន្តិភាព និងប្រទេសជាតិកំពុង​មានការរីកចម្រើន​លើ​គ្រប់វិស័យ ដើម្បីបំពេញបានតាមតម្រូវការ នៃការបណ្ដុះបណ្ដាលប្រកប​ដោយ​គុណ​ភាព ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការគោរពក្រម​សីលធម៌​វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេច​អធិបតី​នាយករដ្ឋមន្ត្រី ។

ឯកឧត្តមឧត្តមសេនីយ៍ឯកបានបន្តថា៖រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយបាន​កំណត់ទស្សនវិស័យ ប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសឆ្លាតវៃតាម​ការដាក់​ចេញ​នូវផែនការយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកមនុស្សជា​លំដាប់​អាទិភាពទី១ ក្នុងចំណោមអាទិភាពនានា ។ ក្នុងន័យនេះ ដើម្បីឱ្យកង់​កម្លាំង​ឆ្លាតវៃ លុះត្រាតែមានការទទួលបានតាមរយៈការបណ្ដុះបណ្ដាលត្រឹមត្រូវ និងប្រកប​ដោយគុណភាព ។

សូមបញ្ជាក់ថា៖សិស្សនគរបាលជ័យលាភីទាំងអស់សរុបចំនួន ១៧៥នាក់ ស្ត្រី ៥៥នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ស្នងការនគរបាល​ខេត្តក្រចេះ ខេត្តរតនគីរី ខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ ៕

ដេង ម៉ាវិន

ads banner