អេអាយ(AI)មិនទាន់ស្ថិតដល់កម្រិតខួរក្បាលមនុស្សទេ វានឹងត្រូវការដល់ឆ្នាំ២០៣០-២០៥០ ទើបដល់កម្រិតមនុស្ស
(ភ្នំពេញ)៖បញ្ញាសិប្បនិម្មិតឬអេអាយ(AI) ជាបច្ចេកវិទ្យាមួយដែលជួយសម្រួលដល់ការងាររបស់យើងបានច្រើនណាស់ និងវាបានផ្តល់នូវប្រយោជន៍ដ៏ធំធេង ក្នុងនេះដូចជាជួយកាត់បន្ថយតម្លៃ និងពេលវេលាជាដើម។
ឯកឧត្តមបណ្ឌិត សំសិទ្ធ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ និង ទូរគមនាគមន៍បានថ្លែងនាចុងសប្តាហ៍កន្លងមកនេះនៅក្នុងពេលបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង”មគ្គុទេសក៍បន្ថែមរបស់អាស៊ានស្តីពីអភិបាលកិច្ច និងសីលធម៌បញ្ញាសិប្បនិម្មិតសម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា”ឱ្យដឹងថា៖សម្រាប់បច្ចុប្បន្នការអភិវឌ្ឍន៍ អេអាយ នៅកម្រិតទាប តែវាជិតដល់កម្រិតដូចមនុស្សហើយ (វាមិនទាន់អាចដូចមនុស្សទេ) ដែលវាអាចត្រូវការដល់ឆ្នាំ២០៣០ឬ ២០៥០ទើបវាអាចវិវឌ្ឍន៍ដល់កម្រិតនេះបាន។ជាទូទៅនៅលើពិភពលោកគេចង់ឱ្យមានការប្រើប្រាស់ អេអាយឱ្យបានច្រើន។កាលណារឹតបន្តឹងពេកវាអត់បានធ្វើឱ្យមានការរីកចម្រើនខ្លាំងទេ។
ឯកឧត្តមបានលើកឡើងថា៖តាមពិតអេអាយមាន៣កម្រិតផ្សេងគ្នា ក្នុងនេះទី១ អេអាយ កម្រិតទាប ទី២កម្រិតដូចមនុស្ស។ សម្រាប់ អេអាយទាប គឺយើងជាអ្នកបង្រៀនវា ឱ្យចេះ ឱ្យវាឆ្លាត ហើយវាមិនអាចគិតផ្សេងពីអ្វីដែលយើងបង្រៀនវាទេ។ដោយឡែកសម្រាប់ អេអាយ កម្រិតដូចមនុស្ស គឺវាមានសមត្ថភាពឆ្លាតដូចមនុស្សយើងអញ្ចឹង ពោលគឺវាអាចសិក្សាពីបរិស្ថានជុំវិញ ហើយវាក៏អាចបង្កើតចំណេះដឹងថ្មីៗខ្លួនឯង។ បែបនេះហើយទើបវាអាចជួបហានិភ័យដោយសារការឆ្លាតវាងវៃរបស់វា។សម្រាប់ អេអាយ កម្រិតខ្ពស់គឺសមត្ថភាពរបស់វាលើសមនុស្ស ឆ្លាតលើសមនុស្ស។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ”បើយើងនិយាយ អេអាយ កម្រិតទាប គឺវាមិនសូវមានហានិភ័យប៉ុន្មានទេ ពីព្រោះថា អេអាយ វាកើតឡើង ដោយសារ ការបង្ហាត់បង្រៀន របស់មនុស្ស។គ្រឿងម៉ាស៊ីន បញ្ចូលទិន្នន័យដោយមនុស្សយើង ជាអ្នករៀបចំ។ អេអាយ បែបនេះការឆ្លាតរបស់វានៅមានកម្រិត មិនឆ្លាតខ្លាំងពេកទេ វាមិនអាចចេះស្វ័យសិក្សា ខ្លួនឯង ។យល់ដឹងខ្លួនឯងបង្កើតជាចំណេះដឹងថ្មីអាចធ្វើអ្វីមួយខ្លួនឯង ពោលគឺវាចេះតែអ្វីដែលយើងបង្រៀនវាទេ ទាំងនេះគេហៅថា AIកម្រិតទាប”។
ឯកឧត្តមបណ្ឌិត សំសិទ្ធ សេរី បាននិយាយថា នៅក្នុងប្រទេសកម្ពុជា អេអាយបានទទួលផលប្រយោជន៍ច្រើនគឺនៅពេលដែលយើងអាចចេះប្រើប្រាស់វា ប៉ុន្តែនៅពេលដែលយើងមិនអាចប្រើប្រាស់វាបានច្រើននោះទេវានឹងជះផលអាក្រក់មកយើងវិញ។ចំណេះដឹងមូលដ្ឋានទៅលើបច្ចេកវិទ្យាឌីជីថលនេះសំខាន់ណាស់ ក្នុងការចាប់យកបច្ចេកវិទ្យា អេអាយដើម្បីប្រើជាប្រយោជន៍។
ឯកឧត្តមបណ្ឌិត សំសិទ្ធ សេរី បញ្ជាក់ប្រាប់ថា ”ក្នុងនេះដូចជាយើងធ្លាប់តែធ្វើការងារ ១០មកតែវានឹងជួយសម្រួលឱ្យយើងធ្វើការត្រឹមតែ ១០នាទីទេ។បច្ចេកវិទ្យានេះវាជួយដល់ពេលវេលាធ្វើការងារខ្លាំងណាស់។វាអាចជំនួយទៅលើបច្ចេកទេស និងជំនួយកិច្ចការផ្សេងៗទៀត”។
ទាក់ទិនទៅនឹងធនធានមនុស្សនៅកម្ពុជាពីបញ្ហា អេអាយ វិញត្រូវបាន ឯកឧត្តមគូសបញ្ជាក់ថានៅមានកម្រិតទាបនៅឡើយ។ហេតុនេះក្រសួងប្រៃសណីយ៍បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សទៅលើ អេអាយ និងវិទ្យាសាស្រ្តទិន្នន័យក្នុងនេះក្រសួងប្រៃសណីយ៍បានផ្តល់អាហាររូបករណ៍ដល់និស្សិតឆ្នើម ដើម្បីអាចរៀនទាក់ទងទៅនឹងបច្ចេកវិទ្យាឌីជីថលជាពិសេស អេអាយ តែម្តង។ដូចជាក្នុងឆ្នាំ២០២៤នេះក្រសួងនឹងផ្តល់អាហាររូបករណ៍៥០០កន្លែងដែលជាអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ដើម្បីឱ្យនិស្សិតឆ្នើមនិន្ទេស A B C អាចដាក់ពាក្យចូលរួមប្រឡងយកអាហាររូបករណ៍នេះ។អាហាររូបករណ៍នេះនិស្សិត មិនត្រឹមទទួលបានរៀន ៤ឆ្នាំពេញ នៅសាកលវិទ្យាល័យធំៗនៅកម្ពុជាទេ ថែមទាំងអាចបាន កុំព្យូទ័រ យួរដៃ មួយគ្រឿងថែមទៀតដើម្បីធ្វើការសិក្សា។
ឯកឧត្តមបានថ្លែងឱ្យដឹងផងថា”កាលណាគ្រាប់ពូជល្អ និស្សិតឆ្នើម គាត់រៀនផ្នែកហ្នឹងទៅយើងនឹងទទួលបានអ្នកជំនាញល្អ ។ជាងនេះទៀតយើងមានកម្ចីសិក្សា ។កម្ចីសិក្សានៅឆ្នាំនេះក្រសួងប្រៃសណីយ៍អាចមានប្រាក់កម្ចីរហូតដល់៣ពាន់កន្លែង ។មានន័យថាសិស្សានុសិស្សអាចខ្ចីក្រសួងទៅរៀននៅសាកលវិទ្យាល័យណាក៏បានហើយអត់ការប្រាក់ទេ។ពេលគាត់រៀនចប់រយៈពេល៤ឆ្នាំ ឬ៥ឆ្នាំបើគាត់ចេញទៅធ្វើការប្រាក់ខែគាត់បានក្រោម៥០០ដុល្លារគាត់អត់មានបង់ត្រឡប់មកវិញទេ ប៉ុន្តែបើគាត់មានប្រាក់ខែលើសពី ៥០០ដុល្លារ គាត់អាចបង់២០ភាគរយនៃប្រាក់ខែរបស់គាត់ត្រឡប់មកវិញដើម្បីឱ្យបានគ្រប់ដែលគាត់បានខ្ចីរយៈពេល៤ឆ្នាំ ។ អត់មានការប្រាក់អ្វីទាំងអស់ ក្រសួងធ្វើបែបនេះដើម្បីជួយលើកទឹកចិត្តដល់និស្សិតខ្មែរយើងចាប់អារម្មណ៍ពីបច្ចេកវិទ្យាឌីជីថល និងចូលរួមអភិវឌ្ឍន៍ អេអាយនៅកម្ពុជា”។
គួរបញ្ជាក់ថាបញ្ញាសិប្បនិម្មិត-Artificial Intelligence អេអាយ(AI)គឺសំដៅលើជ្រុងមួយនៃវិទ្យាសាស្រ្តកុំព្យូទ័រដោយផ្តោតទៅលើការបង្កើតសុសវែរ កម្មវិធី ឬឧបករណ៍ឬធ្វើការជំនួសមនុស្សបាន ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ សួងពិសិដ្ឋ