សន្ដិភាព និងកំណើនសេដ្ឋកិច្ច ជាបុរេលក្ខខណ្ឌនៃការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន Huawei នៅកម្ពុជា

(ភ្នំពេញ)៖ ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា សន្ដិភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ជាបុរេលក្ខខណ្ឌនៃការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប លោក Lin Baifeng បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញបរិបូរណ៍ រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់ ដែលការណ៍នេះបានក្លាយបុរេលក្ខខណ្ឌដ៏សំខាន់ ក្នុងការជំរុញឱ្យក្រុមហ៊ុន Huawei សម្រេចចិត្តបណ្ដាក់ទុនវិនិយោគក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ហើយបានចាប់យកនូវកាលានុវត្តន៍ភាពវិនិយោគថ្មីៗបន្ថែមទៀតនៅក្នុងវិស័យ ព័ត៌មានបច្ចេកវិទ្យា ព្រមទាំងការសម្រេចបង្កើតការិយាល័យថ្នាក់តំបន់របស់ខ្លួនប្រចាំកម្ពុជា។

លោក Lin Baifeng ក៏បានសម្ដែងនូវក្ដីរីករាយ ដែលក្រុមហ៊ុនបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថល និងបច្ចេកវិទ្យាទំនើប និងបានប្ដេជ្ញាបន្តចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឱ្យបានច្រើនថែមទៀត ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងពិភពលោក។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន Huawei ដែលតែងតែមានទំនុកចិត្តក្នុងការបណ្ដាក់ទុនវិនិយោគ នៅប្រទេសកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ ។

សម្ដេចបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Huawei ចំពោះការការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកឌីជីផល និងបច្ចេកវិទ្យាទំនើបដែលការណ៍នេះជាការរួមចំណែកដ៏សំខាន់ដល់ការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្ដោតលើការកសាងមូលធនមនុស្សប្រកបដោយជំនាញ ចំណេះ និងធានាបាននូវផលិតភាពការងារខ្ពស់ សំដៅប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ច និងសង្គមឌីជីថល ក៏ដូចជារដ្ឋាភិបាលឌីជីថល។

សម្ដេចបវរធិបតី និងលោក Lin Baifeng ក៏បានពិភាក្សាអំពីគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតមជ្ឈមមណ្ឌលបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យា និងឌីជីថលថ្នាក់តំបន់ ដើម្បីទាក់ទាញអ្នកសិក្សាផ្នែកបច្ចេកវិទ្យាក្នុងតំបន់មកសិក្សានៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់យុវជនកម្ពុជាចាប់យកជំនាញឌីជីថល សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner