តម្រូវការរបស់ពលរដ្ឋសង្កាត់បឹងកុក៣០ករណី ត្រូវបានដោះស្រាយដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ។
ពិធីដែលបានប្រព្រឹត្តទៅក្នុងបរិវេណវត្តជោតរាមបឹងកុក ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំការឆ្លើយតបចំពោះសំណើរ សំណូមពរ និងកង្វល់ចំនួន៣០ករណី ដែលប្រជាពលរដ្ឋចូលរួមបានលើកឡើង ។ក្នុងនោះមាន ការសុំបណ្ណកម្មសិទ្ធិដីធ្លី សុំជួសជុលផ្លូវកៅស៊ូ សុំផ្លូវបេតុង សុំបើកផ្លូវឱ្យបានធំទូលាយ សុំដោះស្រាយបញ្ហាផ្លូវដក់ទឹក សុំស្លាកសញ្ញាចរាចរណ៍ សុំបង្គោលភ្លើង និងអំពូលសូឡាបំភ្លឺផ្លូវ សុំពង្រីកខ្លោងទ្វារវត្តបឹងកុក សាមណសិស្ស និស្សិតសុំបណ្ណសមធម៌ និងសុំជញ្ជីងថ្លឹងយុត្តិធម៌ដាក់នៅផ្សារបឹងកុក ។ល។ សំណើទាំងនេះត្រូវបានដោះស្រាយនៅនឹងកន្លែងតែម្តង ។
ក្នុងពិធីនេះដែរឯកឧត្តម អ៊ុន ចាន់ដា បានគូសរំលេច រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំប្រទេសរយៈពេលជាងមួយឆ្នាំមកនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងនូវគោលនយោបាយអាទិភាព៩ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះទៅ ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកគុណភាពជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង។
ឯកឧត្តមអភិបាលខេត្តបន្តថា ដើម្បីឆ្លុះបញ្ចាំងនូវការដាក់ចេញនូវគោលនយោបាយនោះ គឺត្រូវការមតិយោបល់ និងការវាយតម្លៃ ពីសំណាក់បងប្អូនប្រជាពលរដ្ឋត្រឡប់មកវិញ ចង់ដឹងថាតើលទ្ធផលដែលបងប្អូនប្រជាពលរដ្ឋទទួលបានពីគោលនយោបាយនោះកម្រិតណា?។ ដូច្នេះដើម្បីថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលនោះបាន គឺត្រូវជួបជុំគ្នាដើម្បីធ្វើវេទិកាសាធារណៈ៕
ដោយ៖លីពៅ