បើ Trump ឈ្នះឆ្នោត Elon Muck អាចនឹងប្រើ AI កែប្រែរដ្ឋាភិបាល
បរទេស៖ ខណៈពេលកំពុងធ្វើយុទ្ធនាការគាំទ្រ អតីតប្រធានាធិបតី លោក Donald Trump ឲ្យឈ្នះការបោះឆ្នោត នាខែវិច្ឆិកាខាងមុខនេះ លោកមហាសេដ្ឋី Elon Musk បាននិយាយថា លោកនឹងកែលម្អរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោក Trump ដោយយកគំរូដឹកនាំអាជីវកម្មរបស់ខ្លួន និងយកបច្ចេកវិទ្យា AI មកប្រើ។
លោក Musk និង Trump បានពិភាក្សាជាសាធារណៈ អំពីតួនាទីមួយចំនួន ក្នុងជួររដ្ឋាភិបាល សម្រាប់នាយកប្រតិបត្តិ Tesla និង SpaceX រូបនេះ ប្រសិនបើ Trump ឈ្នះតំណែងជាប្រធានាធិបតី។ ប៉ុន្តែទាំង Musk និង Trump មិនបានផ្តល់នូវភាពជាក់លាក់ណាមួយនោះទេ។
ប៉ុន្តែ កាលពីសប្តាហ៍មុន លោក Trump បាននិយាយប្រាប់ Fox News ថាលោក Musk អាចបម្រើជា “ប្រធានទីភ្នាក់ងារទទួលបន្ទុកការកាត់បន្ថយការចំណាយ” ដែលជាស្ថានប័នពុំមានវត្តមាន ក្នុងជួររដ្ឋាភិបាលអាមេរិក នាពេលបច្ចុប្បន្ននេះទេ”។
បើតាម CNN លោក Musk បានសន្យាថា លោកនឹងកែប្រែកិច្ចការធំមួយចំនួន ក្នុងនោះ រួមមានទាំងការផ្តល់អនុសាសន៍ ឱ្យកាត់បន្ថយការចំណាយដ៏ខ្ជះខ្ជាយ ដែលមិនផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាមេរិក ហើយប្រហែលជាត្រូវប្រើប្រាស់ AI ឬ បញ្ញាសិប្បនិម្មិត ដើម្បីកំណត់កន្លែងដែលត្រូវកាត់បន្ថយ។ លោក Musk ក៏បាននិយាយផងដែរថា លោកនឹងលើកឡើងនូវ ការដើរថយក្រោយយ៉ាងច្រើន នៃបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ដែលកើតមានឡើងជាយូរមកហើយ។
Musk បានសន្យាថា នឹងផ្តល់ជូននូវកញ្ចប់ប្រាក់បំណាច់ដ៏សប្បុរស ដល់បុគ្គលិករដ្ឋាភិបាល ដែលត្រូវបានបញ្ឈប់ពីការងារ។ ស្របពេលជាមួយគ្នានេះដែរ លោកនឹងស្នើឱ្យមានប្រព័ន្ធវាយតម្លៃ ដែលអាចឈានដល់ការបញ្ឈប់បុគ្គលិកណាដែលខ្ជះខ្ជាយ។ ទាំងអស់នោះ គឺជាយុទ្ធសាស្ត្រ ដែលលោក Musk បានប្រើ ឬ ធ្លាប់សន្យា ក្នុងអាជីវកម្ម របស់លោក ប៉ុន្តែ Musk មិនបានឆ្លើយតបនឹងសំណើ សុំការអត្ថាធិប្បាយលម្អិត ពី CNN ជុំវិញរឿងនេះទេ៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត