វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីសំខាន់ ក្នុងការអប់រំដល់ប្រជាពលរដ្ឋ
ព្រៃវែង៖ វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋ ។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម លី វ៉ាន់ឌី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ក្នុងឱកាសចូលរួមជាមួយលោកជំទាវ អាចារ្យគណៈកម្មការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បានមូលមតិជាឯកច្ឆ័ន្ទ ផ្តើមបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែអង្គ ទៅប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តសង្កែជ្រុំ ស្ថិតក្នុងឃុំ ទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តម លី វ៉ាន់ឌី បានថ្លែងចាត់ទុកវិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ មានការយល់ដឹងនូវអំពើល្អ និងអំពើអាក្រក់ យល់ដឹងខុសត្រូវ បញ្ចៀសបាននូវការប្រព្រឹត្តអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន ។
ឯកឧត្តម ក៏បានថ្លែងនូវការចូលរួមអនុមោទនាត្រេកអរសប្បាយរីករាយជាមួយប្រជាពលរដ្ឋក្នុងឃុំទឹកថ្លាក៍ដូចជាទូទាំងស្រុកស្វាយអន្ទរចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់នៅក្នុងវត្តសង្កែជ្រុំនាពេលនេះដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស។
តាមរយៈអង្គកឋិនទានសាមគ្គីនេះ បច្ច័យដែលប្រមូលបានពីពុទ្ធបរោស័ទជិតឆ្ងាយទាំងអស់សរុប ៣៨លានរៀល ត្រូវបានវេរប្រគេនព្រះសង្ឃ សម្រាប់ការកសាងសមិទ្ធផលនានាក្នុងទីអារាមវត្តសង្កែជ្រុំ និងធ្វើចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃផងដែរ ។
ឯកឧត្តម លី វ៉ាន់ឌី និងលោកជំទាវ ព្រមទាំងមន្រ្តីក្រុមការងារអាជ្ញាធរដែនដីនិងពុទ្ធបរិស័ទចំណុះជើងវត្តបានប្រគេនព្រះសង្ឃ ៧អង្គ ក្នុង១អង្គបច្ច័យ១០ម៉ឺនរៀល អាចារ្យគណកម្មការ ១៧នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល ព្រមទាំងបានឧត្តម្ភដល់សមត្ថកិច្ចកម្លាំងការពារនូវថវិកាមួយចំនួនផងដែរ ៕
ដោយ ៖ វណ្ណលុក