វាលខ្សាច់ «សាហារ៉ា» ក្លាយជាបឹង​, ទេសចរនៅតែពេញនិយម

បរទេស៖ នៅវាលខ្សាច់សាហារ៉ា ភាគអាគ្នេយ៍ នៃប្រទេសម៉ារ៉ុក ភ្លៀងធ្លាក់ដ៏កម្របានធ្វើឱ្យបឹង និងស្រះ ដែលធ្លាប់តែរីងស្ងួត បានផ្តល់ជីវិតសម្រាប់សត្វ និងរុក្ខជាតិឡើងវិញ នាពេលថ្មីៗនេះ ដោយអ្នកស្រុក និងអ្នកទេសចរ សរសើរថា «ជាអំណោយពីឋានសួគ៌»។

មគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងស្រុក លោក Youssef Ait Chiga ដែលឈរនៅមាត់ច្រាំងនៃបឹង Yasmina បាននិយាយថា «យើងមានភាពរីករាយ និងសុភមង្គល» ។ រីឯ លោក Khalid Skandouli ជាមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ទៀត បាននិយាយថា ភ្លៀងបានទាក់ទាញអ្នកទស្សនា មកកាន់តែច្រើន ទៅកាន់តំបន់ទេសចរណ៍ ជាពិសេស គឺចង់ឃើញការបំប្លែងដ៏ចម្លែកនេះ។

អ្នកទេសចរបារាំង និងជាភ្ញៀវប្រចាំតំបន់ អ្នកស្រី Laetitia Chevallier បាននិយាយថា ទឹកភ្លៀងបានបង្ហាញពី «ពរជ័យពីលើមេឃ»។ អ្នកស្រីបានបន្តថា «វាលខ្សាច់បានក្លាយជាពណ៌បៃតង ម្ដងទៀត សត្វមានអាហារម្ដងទៀត ហើយដើមរុក្ខជាតិ បានរស់ឡើងវិញ»។

អ្នកស្រុកបានប្រាប់ថា ស្តុកទឹកទាំងនេះបានរីងស្ងួត រយៈពេលជិត២០ឆ្នាំមកហើយ។ កាលពីឆ្នាំមុន ប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិកខាងលិចមួយនេះ បានក្លាយជាតំបន់ស្ងួតខ្លាំងបំផុត ពុំធ្លាប់មាន ក្នុងរយៈពេល៨០ឆ្នាំ ជាមួយនឹងទឹកភ្លៀងធ្លាក់៤៨ភាគរយ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានឧតុនិយម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner