ប្រធានាធិបតីអ៊ីរ៉ង់ ថាមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលទេ តែប្តេជ្ញាសងសឹក
បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយ កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនស្វែងរកការធ្វើសង្រ្គាម ជាមួយអ៊ីស្រាអែលទេ ប៉ុន្តែ បានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ «ការឆ្លើយតបដ៏សមស្រប» ចំពោះការវាយប្រហារ លើទីតាំងយោធាអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍។
លោក Pezeshkian បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា «យើងមិនចង់ធ្វើសង្គ្រាមទេ ប៉ុន្តែយើងនឹងការពារសិទ្ធិរបស់ប្រទេស និងប្រទេសយើង» ដោយបន្ថែមថា អ៊ីរ៉ង់ «នឹងផ្តល់ការឆ្លើយតបសមស្របទៅនឹងការឈ្លានពានរបស់របប Zionist» ដែលលោកចង់សំដៅលើអ៊ីស្រាអែលនោះ។
ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបាននិយាយថា «ប្រសិនបើការឈ្លានពាននៃរបប Zionist និងឧក្រិដ្ឋកម្មរបស់វា នៅតែបន្ត ភាពតានតឹង នឹងរីករាលដាល» ។ លោក Pezeshkian បានបន្ថែមថា «សហរដ្ឋអាមេរិកបានសន្យាថា នឹងបញ្ចប់សង្រ្គាម ជាថ្នូរនឹងការអត់ធ្មត់របស់យើង ប៉ុន្តែពួកគេមិនបានរក្សាការសន្យារបស់ពួកគេទេ»។
ការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ គឺជាការសងសឹកចំពោះការវាយប្រហារ កាលពីថ្ងៃទី ១ ខែតុលា បង្កឡើងដោយអ៊ីរ៉ង់ ដោយពេលនោះ ទីក្រុងតេអេរ៉ង់បានបាញ់កាំជ្រួចប្រហែល ២០០ គ្រាប់ ទៅកាន់អ៊ីស្រាអែល ទោះបីជាភាគច្រើន ត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ីស្រាអែល ក៏ដោយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត