លោក សួន សេរីរដ្ឋា៖ ការប្រកាសបង្កើតចលនា​ជាតិខ្មែរតស៊ូ​ ពីសំណាក់ជនក្បត់ជាតិ៣ជំនាន់ គឺវាគ្មានឥទ្ធិ​ពលមកលើ​សង្គមនយោបាយ និងប្រជាពលរដ្ឋកម្ពុជានោះទេ

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានហៅការប្រកាសបង្កើតចលនាជាតិខ្មែរតស៊ូពីសំណាក់ជនក្បត់ជាតិ ៣ជំនាន់ គឺជាការប្រកាសបង្កើតចលនាទាល់ច្រកដែលមិនមានប្រសិទ្ធភាពឥទ្ធិពលមកលើសង្គមនយោបាយ ឬមកលើអារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងតែរស់នៅក្រោមម្លប់សន្តិភាពនោះទេ។ ការប្រកាសបង្កើរចលនាជាតិខ្មែរតស៊ូ វាគ្រាន់តែជារូបភាពមួយ និងជាយុទ្ធសាស្ត្រចុងក្រោយមួយដើម្បីបន្តប្រមូលលុយពីអ្នកកាំទ្រយកមកចាយតែប៉ុណ្ណោះ។

លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ថា ការប្រកាសបង្កើតចលនាជាតិខ្មែរតស៊ូពីសំណាក់ជនក្បត់ជាតិ ៣ជំនាន់ គឺជាការប្រកាសបង្កើតចលនាទាល់ច្រកដែលមិនមានប្រសិទ្ធភាពឥទ្ធិពលមកលើសង្គមនយោបាយ ឬមកលើអារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងតែរស់នៅក្រោមម្លប់សន្តិភាពនោះទេ។ កន្លងមកបុគ្គលក្បត់ជាតិរូបនេះ និងបក្ខពួកមួយដំបរស្វារបស់ខ្លួនខិតខំណាស់នៅក្នុងការទាមទារធ្វើយ៉ាងម៉េចឱ្យអតីតគណបក្សសង្គ្រោះជាតិរបស់ខ្លួនដែលងាប់ទៅរស់ឡើងវិញ។ ប៉ុន្តែតែការពិត វានៅតែជាការពិត ខ្មោចងាប់ហើយ គឺមិនអាចរស់ឡើងវិញបានទេ។ ទោះបីបុគ្គលនេះ និងបក្ខពួកយកឈ្មោះនឹងមកនិយាយ ហើយដេកយាមថ្នូរខ្មោចបក្សហ្នឹងអស់ជាច្រើនឆ្នាំមកហើយក៏វានៅតែងាប់ដែរ។ ទន្ទឹមនឹងនោះ អ្នកដែលបានជឿជាក់ និងចាកចេញជាមួយបុគ្គលនោះទៅក្រៅប្រទេសដើម្បីទៅស្តារទៅសង្គ្រោះបក្សខ្មោចរបស់ខ្លួននោះ ក៏គេអស់ជំនឿរួច ហើយក៏គេដើរចេញមកបង្កើតគណបក្សនយោបាយស្របច្បាប់ជាបន្តបន្ទាប់ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងយន្តការប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេស នៅក្នុងសង្វៀនយោបាយ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានបន្តថា ចំណែកការចេញមកបង្កើតចលនាខ្មែរអ្នកប្រជាធិបតេយ្យ ជាងមួយឆ្នាំមកនេះ ក៏វាមិនមានអ្វីជាដុំកំភួន ហើយក៏គ្មានច្រកអ្វីចេញទៅរួចដែរ គឺបានត្រឹមតែដើររ៉ៃអង្គាសលុយពីក្រុមអ្នកគាំទ្រដែលនៅសេសសល់ខ្លះនៅក្នុងប្រទេសកូរ៉េ អាមេរិក បារាំង ដើម្បីចាយធ្វើសកម្មភាពទេសចរណ៍នយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ ឥឡូវនេះ ស្រាប់តែជនក្បត់ជាតិចេញមកបង្កើតចលនាជាតិខ្មែរតស៊ូ គឺជាចលនាទាល់ច្រក និងគ្មានប្រយោជន៍គ្មានប្រសិទ្ធភាពអ្វីទេ។ ប្រជាពលរដ្ឋក៏មិនខ្វល់ដែរ។ អ្វីដែលជនក្បត់ជាតិរូបនេះសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន គឺវាគ្រាន់តែជាការបង្កើតគំនិតញុះញង់ចង់បង្កចលាចលធ្វើឱ្យប្រទេសកម្ពុជាក្រឡាប់ចាក់។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ការប្រកាសនេះ គឺជាកាសប្រកាសខ្យល់សុទ្ធសាធតែម្តង ហើយជាចលនានយោបាយទាល់ច្រកចុងក្រោយបំផុតហើយ និងគ្មានប្រសិទ្ធភាពឥទ្ធពលចូលទៅក្នុងបេះដូងប្រជាពលរដ្ឋខ្មែរតទៅទៀតទេ ពីព្រោះប្រជាពលរដ្ឋខ្មែរបានដឹងអស់ហើយ។ ការប្រកាសបង្កើតចលនាជាតិខ្មែរតស៊ូ វាគ្រាន់តែជារូបភាពមួយ និងជាយុទ្ធសាស្ត្រចុងក្រោយមួយ ដើម្បីបន្តប្រមូលលុយពីអ្នកគាំទ្រយកមកចាយតែប៉ុណ្ណោះ ពីព្រោះលុយដែលប្រមូលពីអ្នកគាំទ្រពីមុនប្រហែលជាចាយអស់ហើយ ហេតុនេះហើយបានជាបង្កើតយុទ្ធសាស្ត្រថ្មីដើម្បីប្រមូលលុយយកមកចាយថែមទៀត៕
ដោយ៖ពលជ័យ

ads banner