ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូ
កំពត៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.យ.យ.ក) និងឯកឧត្តម សាយ សំអាល់ អនុប្រធាន អមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម មឿង គង្គា ប្រធានស.ស.យ.កខេត្តបានអញ្ជើញ ជួបសំណេះសំណាលជាមួយសមាជិកសមាជិកា ស.ស.យ.ក ស្រុកទឹកឈូ។
ក្នុងកម្មវិធីដែលរៀបចំធ្វើឡើងនៅសហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពតកាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក បានលើកឡើងថា ការធ្វើដំណើរមកកាន់ឈូនេះដើម្បីអរគុណដល់សមាជិកសមាជិកា
ដោយផ្ទាល់ ព្រោះថាការចូលរួមចំណែករបស់បងប្អូនៗទាំងអស់គ្នានេះហើយ ធ្វើឱ្យស.ស.យ.ក បានរីកលូតលាស់និងមាន មុខមាត់ គេទទួលស្គាល់ថា ជាក្រុមយុវជនដែលផ្សារភ្ជាប់ទៅនឹងសង្គមជាតិ និងលះបង់ដើម្បីសង្គមជាតិ ។
ឯកឧត្តមបន្តថា ការចូលរួមជាមួយ ស.ស.យ.ក ជាការឆ្លៀតពេលដ៏មមាញឹក ក្នុងការជួយបម្រើដល់ការងារសង្គមជាតិតាមរយៈ កម្មវិធីដែល ស.ស.យ.ក បានរៀបចំឡើង។ បងប្អូនសមាជិកស.ស.យ.កនឹងទទួលបាន ការលត់ដំសមត្ថភាពនិងការប្រឹង ប្រែងរបស់ខ្លួន ,មានឱកាសរៀនសូត្រធ្វើការជាក្រុមជាមួយគ្នានិងធ្វើខ្លួនជាយុវជនគំរូ ហើយណែនាំឱ្យយុវជនដទៃទៀត មកចូលរួមជាមួយដែរ ។
ប្រធានស.ស.យ.ក ស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានប្រាប់ឱ្យដឹងថា ស.ស.យ.ក ស្រុកទឹកឈូ មានសមាជិកចំនួន ៥៥៥នាក់។សមាជិកស.ស.យ.កជាយុវជនគំរូ ។យុវជនដែលពលរដ្ឋគោរពស្រឡាញ់និងអាជ្ញាធរទទួលស្គាល់៕
ដោយ៖ សិលា សារិន