ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ អរគុណ ចិន ជប៉ុន និងកូរ៉េ ដែលតែងតែជួយគាំទ្រ និង​ជំរុញ​ការពង្រឹងភាពធន់ និងការលើកម្ពស់នវានុវត្តន៍ ក្នុងទីផ្សារការងារក្នុងតំបន់​អាស៊ាន

(សិង្ហបុរី)៖ ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋប្រ​ជា​មានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយគាំទ្រ និងជំរុញការពង្រឹង​ភាព​ធន់ និងការលើកម្ពស់នវានុវត្តន៍ ក្នុងទីផ្សារការងារក្នុងតំបន់អាស៊ាន។

ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា ជាក់ស្តែង ប្រទេសទាំងបីបានផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅប្រទេស​កម្ពុជា រួមមាន៖

ទី១- កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្រោមក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការអាស៊ាន-ចិន ដែលបានដើរតួយ៉ាងសំខាន់ក្នុងការ​កសាង​ភាព​ធន់តាមរយៈ “គម្រោងពង្រឹងជំនាញអភិវឌ្ឍន៍នៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា” ក្រោម​ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសហប្រតិបត្តិការត្រីកោណ។ គំនិតផ្តួចផ្តើមនេះបានបង្កើនជំនាញ និងការអភិវឌ្ឍន៍លើសេវា និងប្រព័ន្ធព័ត៌មាន​ទីផ្សារ​ការងារ រួមជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែរឹងមាំរវាងស្ថាប័ន​សាធារណៈ និងវិស័យឯកជន។

ទី២- កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន បាន​និង​កំពុងជួយលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ (Occupational Safety and Health – OSH) នៅកម្ពុជា ក៏ដូចជាប្រទេសជាសមាជិកអាស៊ានដទៃទៀត ពិសេសលើវិស័យសំណង់ ដែលនេះមិនត្រឹមតែជួយបង្កើនសុវត្ថិភាពនៅកន្លែងធ្វើការប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវបច្ចេកវិទ្យាថ្មីៗទៀតផងដែរ។

និងទី៣- ភាពជាដៃគូជាមួយសាធារណរដ្ឋកូរ៉េ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិ​ការអាស៊ាន-សាធារណរដ្ឋកូរ៉េ បាននិងជំរុញវិស័យបណ្តុះបណ្តាលបច្ចេកទេស (TVET) នៅកម្ពុជា ពិសេសលើផ្នែកឌីជីថលភាវូបនីយកម្ម ដែលធ្វើឱ្យកម្លាំងពលកម្ម​នៅក្នុងតំបន់អាស៊ានកាន់នៅតែមានភាពប្រកួតប្រជែង ស្របតាមបរិបទការងារ​សកលបច្ចុប្បន្ន។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ (The 13th ASEAN Plus three labour minister meeting – 13th ALMM+3) ក្រោមមូលបទ “ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍” កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ដែលដឹកនាំដោយរដ្ឋមន្រ្តី​ក្រសួងហត្ថពលកម្មសិង្ហបុរី និងមានការចូលរួមពីរដ្ឋមន្ត្រី/ប្រធានប្រតិភូក្រសួង​ការងារ​នៃរដ្ឋជាសមាជិកអាស៊ាន និងប្រទេសជាដៃគូសន្ទនាអាស៊ានបូកបី រួមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ, រួមនិងរដ្ឋមន្រ្ដីការងារ​ទីម័រឡេស្ដេ ក្នុងឋានៈជាអ្នកសង្កេតការណ៍, និងឯកឧត្តមអគ្គលេខាធិការអាស៊ាន។

គួរបញ្ជាក់ផងដែរថា ជាលទ្ធផលនៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការងារ​នៃបណ្ដា​ប្រទេស​អាស៊ាន និងប្រទេសអាស៊ានបូកបីទាំងអស់ បានអនុម័តនូវ “សេចក្តីថ្លែងការណ៍រួម (Joint Statement) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ និងកិច្ច​ប្រជុំពាក់ព័ន្ធ” ដែលជាឯកសារគោលក្នុងការអនុវត្តការងារបន្ដក្នុងរយៈពេល ២ឆ្នាំ​ទៅមុខ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner