រាជរដ្ឋាភិបាល បានដាក់ចេញវិធានការចំនួន៤ សំដៅលើកកម្ពស់គុណភាពអប់រំ

(ភ្នំពេញ)៖ យោងតាមសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៤​-២០២ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងគោលបំណង​កសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អ មាំមួន រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ ចេញនូវវិធានការ​គន្លឹះ​ចំនួន៥ ក្នុងនោះ ក៏មានវិធានការគន្លឹះក្នុងវិស័យអប់រំ ដែលមានគោលដៅ​លើក​កម្ពស់គុណភាពអប់រំ។

ឆ្នាំទី១ នៃនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់និងដាក់ចេញនូវកម្មវិធីផ្សេងៗ សំដៅលើកកម្ពស់​គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យ​សិក្សា ដល់មធ្យមសិក្សា តាមរយៈវិធានការ ចំនួន៤ រួមមាន : ទី១) ការពង្រឹង​អភិ​បាលកិច្ច ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅ​ម៉ោង​សិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣) ការយកចិត្តទុកលើសុខភាព របស់ សិស្ស តាមរយៈ​កម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណី អាហារនៅតាម​សា​លារៀន និងទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួម របស់ មាតាបិតា អ្នកអាណា​ព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យ ស្លោក «ភាពជាដៃគូរដ្ឋ និង​សហគមន៍ ដើម្បីការអប់រំ»។

ក្នុងសារលិខិត សម្ដេចធិបតី បានបន្តថា ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលវិធានការទាំង៤ខាងលើ ទៅក្នុង «ស្តង់ដាសាលារៀន គំរូ» ដែលមាន៥ស្តង់ដា សម្រាប់សាលាមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា និង​បា​ន វាយតម្លៃ សាលារៀនចំនួន១២០ ជាប់ស្តង់ដា ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ។

ជាមួយគ្នានេះ ក្នុងក្របខ័ណ្ឌនៃការអប់រំ បឋមសិក្សា រាជរដ្ឋាភិបាលបានអនុវត្តនូវ​វិធានការ៣ ក្នុងចំណោមវិធានការទាំង៤ខាងលើ តាមរយៈការអនុវត្ត សាកល្បង​នៅក្នុងសាលាបឋមសិក្សាគោលដៅ៤២ ក្នុង៩រាជធានី-ខេត្ត ដោយប្រើយន្តការ​គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។

ខ្ញុំសូមគូសបញ្ជាក់នូវកម្មវិធីសំខាន់ៗ ដែលបានដាក់ឱ្យអនុវត្តនៅ សាលារៀន​មួយ​ចំនួន រួមមាន : ការបន្ថែមម៉ោងសិក្សា (២ម៉ោង ក្នុងមួយថ្ងៃ) ការអប់រំបំណិនជីវិត សីលធម៌ វប្បធម៌ សិល្បៈ ភាសាបរទេស និងកុំព្យូទ័រ។ ផ្អែកតាមមេរៀនពិសោធន៍ និងឧត្តមានុវត្តន៍នៃការអនុវត្តសាកល្បងនៅក្នុង​សាលាបឋមសិក្សាគោលដៅ ទាំង​៤២ និងសាលារៀនជាប់ស្តង់ដាសាលា​រៀនគំរូទាំង១២០ រាជរដ្ឋាភិបាលនឹងធ្វើការ​បន្ស៊ីគ្នានូវទស្សនាទាន ការប្រតិបត្តិ និងការគាំទ្រសាលារៀន ដោយប្រើប្រាស់​យន្ត​ការរួម ចាប់ពីឆ្នាំសិក្សា​២០២៤-២០២៥ តទៅ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជារួម រាជរដ្ឋាភិបាលកម្ពុជានៅតែបន្ត​យកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជា​អង្គភាពផ្តល់សេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជននិងសហគមន៍។ ដូច្នេះហើយ​សាលារៀន ត្រូវអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស​លើសកម្មភាពបង្រៀននិងរៀន ដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាន នៃលទ្ធផលសិក្សារបស់សិស្ស ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner