Trump បាត់បង់ ២ពាន់លានដុល្លារ ​​មុនការបោះឆ្នោត​

បរទេស ៖ ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងធ្លាក់ចុះ នៅមុនការបោះឆ្នោត ដោយបានកាត់បន្ថយយ៉ាងខ្លាំង នូវទ្រព្យសម្បត្តិសុទ្ធ របស់លោក ក្នុងនោះ បានធ្លាក់ចុះជាង ២ពាន់លានដុល្លារអាមេរិក នេះបើតាម CNN។

បន្ទាប់ពីការកើនឡើង មិនសមហេតុផល ក្នុងរយៈពេល៥សប្តាហ៍ កន្លងមកនេះ ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោក Trump បានធ្លាក់ចុះវិញ។ ឥឡូវនេះ វាបានបាត់បង់តម្លៃ ប្រហែល៤១% ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។

តម្លៃភាគហ៊ុន Trump Media & Technology Group របស់ Truth Social បានធ្លាក់ចុះ ១៤% ទៀត កាលពីថ្ងៃសុក្រ បន្ទាប់ពីធ្លាក់ចុះ ១២% កាលពីថ្ងៃព្រហស្បតិ៍ និង ២២% កាលពីថ្ងៃពុធ ដែលជាការខាតបង់មួយថ្ងៃ ដ៏អាក្រក់បំផុតរបស់ Trump Media ចាប់តាំងពីការចេញលក់ជាសាធារណៈ ក្នុងខែមីនា។

កាលពីថ្ងៃអង្គារ ភាគហ៊ុនត្រូវបានគេដាក់លក់ក្នុងតម្លៃ ៥១ដុល្លារ ដែលត្រូវបានវាយតម្លៃ ពីភាគហ៊ុនដ៏លេចធ្លោរបស់លោក Trump ក្នុងក្រុមហ៊ុនដែលលោកគ្របដណ្តបហ៊ុនសរុប ប្រហែល ៥,៩ពាន់លានដុល្លារ។ កាលពីថ្ងៃសុក្រ តម្លៃភាគហ៊ុនរបស់លោក Trump បានធ្លាក់ចុះដល់ទៅ ៣.៥ពាន់លានដុល្លារ។ នោះ មានន័យថា លោក Trump បានបាត់បង់ទ្រព្យសម្បត្តិសុទ្ធ ចំនួន ២.៤ ពាន់លានដុល្លារ ចាប់តាំងពីថ្ងៃអង្គារ។ ការខាតបង់នេះ បានកើតឡើង ក្នុងពេលការព្យាករណ៍ លើលទ្ធផលបោះឆ្នោត ដែលកាន់តែខិតជិតមកដល់។

អ្នកបោះឆ្នោត នៅសហរដ្ឋអាមេរិក ត្រូវទៅបោះឆ្នោត នៅថ្ងៃទី ៥ ខែវិច្ឆិកា ម៉ោងនៅអាមេរិក ដើម្បីជ្រើសរើសប្រធានាធិបតីបន្ទាប់ របស់ពួកគេ។ លោក Donald Trump មកពីបក្សសាធារណរដ្ឋ និង លោកស្រី Harris មកពីបក្សប្រជាធិបតេយ្យ ជាគូប្រជែងដ៏ស្វិតស្វាញនឹងគ្នា៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner