ប្រធានក្រុមការងាររាជរដ្ឋាភិបាលអញ្ជើញចូលរួមប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅខេត្តព្រះវិហារ

ព្រះវិហារ៖នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជា​ការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះ​មូលដ្ឋានខេត្តព្រះវិហារបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមបណ្ដោយព្រំដែន កម្ពុជា-ឡាវ ,បទ​ល្មើសនេសាទខុសច្បាប់ និងការការពារតំបន់អភិរក្ស ភ្នំត្នោត-ភ្នំពក នៅក្នុងភូមិសាស្ដ្រខេត្ត នៅសាលាខេត្តព្រះវិហារ ។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២ ខែវិច្ឆិកា អភិបាលខេត្តព្រះវិហារឯកឧត្តម គីម រិទ្ធី បានថ្លែងថា ក្រោមកិច្ចសហការរវាង គណ:បញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត ជាមួយកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ឡាវ និងអង្គភាពពាក់ព័ន្ធ ចុះល្បាត និងចុះត្រួតពិនិត្យរក​សារធាតុញៀន និងបទល្មើសផ្សេងៗ នៅតាមគោលដៅសំខាន់ៗក្នុង​ភូមិសាស្ត្រ ឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ជាប់ជាប្រចាំ។
ឯកឧត្តមបន្តថា តាមរយៈកិច្ចសហការខាងលើនេះ ជាលទ្ធផលគិតត្រឹម​ខែតុលាកន្លងទៅបានបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ១២លើក ឃាត់ខ្លួនជនជាតិចិន ៥៦នាក់ (ស្រី ០១នាក់) ,បង្ក្រាបបទល្មើសគ្រឿង​ញៀន​បាន៩លើក ឃាត់ខ្លួនមុខសញ្ញា ២១នាក់ ដកហូតបានគ្រឿង​ញៀន មេតំហ្វេតាមី (ICE, Heroine, Ketamine)សរុប ៦៣៦,១៨​គីឡូក្រាម, មេតំហ្វេតាមីន (WY) ទម្ងន់ ១៨,៣៤គីឡូក្រាម ,រថយន្ត៣គ្រឿង ,ម៉ូតូ៦គ្រឿង ,ទូក២គ្រឿង ,ទូរសព្ទដៃ១៣គ្រឿង, ប្រាក់រៀលពីរលានរៀន ,ប្រាក់បាត មួយពាន់បាត ,ប្រាក់ឡាវ ១លាន ៨០០ពាន់គីប និងសម្ភារមួយចំនួនទៀត ផងដែរ។

ពាក់ព័ន្ធនឹងបទល្មើសនេសាទខុសច្បាប់នៅតាមដងស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សមត្ថកិច្ចជំនាញ​បានចុះប្រតិបត្តិការបង្ក្រាប ៣៦លើក លើ ៥៦ទីតាំង ដកហូតវត្ថុតាងមាន ទូក ១៥គ្រឿង,ឧបករណ៍ឆក់ត្រី ២៤គ្រឿង, អាគុយ ២៥គ្រឿង, ស្បៃអួនប្រវែង ៣១,២៣០ម៉ែត្រ និងរុះរើខ្ទមអនាធិបតេយ្យខុសច្បាប់ ២៣កន្លែង។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានណែនាំឱ្យគណៈបញ្ជាការឯកភាព​រដ្ឋបាលខេត្តព្រះវិហារ ដាក់ចេញនូវផែនការ និងវិធាន​ការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយប្រើប្រាស់នូវមធ្យោបាយ និងកងកម្លាំង ព្រមទាំងធ្វើការបែងចែក និងប្រគល់ការទទួលខុសត្រូវដល់អង្គភាព និងមន្ត្រីពាក់ព័ន្ធ ឱ្យទទួលបន្ទុកអនុវត្តភារកិច្ចរៀងៗខ្លួន ក្រោមការត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំ៕


ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner