អបអរខួប ២១ ឆ្នាំ ដែលរបាំព្រះរាជទ្រព្យចុះក្នុងបញ្ជី​បេតិក​ភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ភ្នំពេញ៖ថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៤នេះគឺជាខួបទី​២១ឆ្នាំ​ដែល«របាំព្រះរាជទ្រព្យ»ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។«របាំព្រះរាជទ្រព្យ» ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន​របស់កម្ពុជាតែមួយគត់ ដែលបានថែរក្សានាដ​កម្មបុរាណ​មួយនេះអស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។

គឺកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងអ៊ីស្តង់​ប៊ុល ប្រទេសតួកគី «របាំព្រះរាជទ្រព្យ»របស់ខ្មែរ​ត្រូវ​បានចុះក្នុង បញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃ​មនុស្សជាតិ ។របាំក្បាច់ខ្មែរបុរាណឬរបាំព្រះរាជទ្រព្យ​នេះជាទម្រង់របាំសក្ការៈមាន ភាពល្បីល្បាញខាង​កាយ​វិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់​គ្រឿងចាំង​ភ្លឺផ្លេក​ៗ​។

របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំដែល​នាដករប្រើចលនាកាយវិកាក្បាច់និងមនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ ទៅតាមការវិវឌ្ឍនៃសាច់រឿងដែលរៀប​រាប់​បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀងជាពួកនឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទី​ប្រគំ​ជូនរបាំនេះផងដែរ។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជាបានចូលជា​សមាជិកអង្គការយូណេស្កូនៅថ្ងៃទី៣ កក្កដា១៩៥១​ខណៈអង្គការនេះបង្កើត នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ១៩៤៥។អង្គការយូណេស្កូគឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិធ្វើការផ្តោតសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ ។អង្គការនេះមានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោកដោយលើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។

ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបីចំនួន ៤,សម្បតិ្ត បេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោកចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃ​វប្បធម៌ក៏ដូចជា មរតកឥតកាត់ថ្លៃដែលបានបន្សល់​ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិ​សាស្ត្ររបស់កម្ពុជា។

សម្បត្តិបេតិកភណ្ឌរូបី ចំនួន៤ មាន ដូចជា ១.តំបន់ឧទ្យានបុរាណវិទ្យាអង្គរ ស្ថិតនៅក្នុងខេត្តសៀមរាបជាសម្បត្តិវប្បធម៌ ត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌភិភពលោកនៅថ្ងៃទី១៤ខែធ្នូឆ្នាំ១៩៩២ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី១៦ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។២. ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងខេត្តព្រះវិហារជាសម្បត្តិវប្បធម៌ត្រូវបាន ចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ នាទីក្រុងកេបិច ប្រទេសកាណាដា ។​៣.តំបន់ប្រាសាទសម្បូរព្រៃគុក បុរាណស្ថាននៃអតីត​រាជធានីឦសានបុរី ស្ថិតនៅក្នុងខេត្តកំពង់ធំ ជាសម្បត្តិ​វប្បធម៌ត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌភិភពលោកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងសម័យប្រជុំគណៈកម្មា​ធិការបេតិកភណ្ឌពិភពលោកលើកទី៤១ នាទីក្រុងក្រាកូវ ប្រទេសប៉ូឡូញនិងទី៤. ប្រាសាទកោះកេរ បុរាណស្ថាន​នៃអតីតរាជធានីលិង្គបុរីឬឆោកគគ៌្យរស្ថិតនៅក្នុងខេត្តព្រះវិហារជាសម្បត្តិវប្បធម៌ត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌភិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ សម័យប្រជុំ​គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នាទីក្រុងរីយ៉ាដ រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។

ចំពោះសម្បតិ្តបេតិកភណ្ឌអរូបីចំនួន ៦ រួមមាន ៖១.របាំងព្រះរាជទ្រព្យ ជាប្រភេទបញ្ជីតំណាងនូវមនុស្ស​ជាតិត្រូវបាន ចុះបញ្ជីនៅថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០០៣។២.ល្ខោនស្រមោលស្បែកធំជាប្រភេទបញ្ជីតំណាងនូវមនុស្សជាតិត្រូវបានចុះបញ្ជីនៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០០៥។ ៣.ល្បែងទាញព្រ័ត្រ ជាប្រភេទបញ្ជីតំណាងនូវមនុស្សជាតិ ត្រូវបានចុះបញ្ជីនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ក្នុងកិច្ច​ប្រជុំលើកទី១០នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងវិនហុក ប្រទេសណាមីប៊ី។៤.ចាប៉ីដងវែង ជាប្រភេទបញ្ជីត្រូវការការសង្គ្រោះបន្ទាន់ ត្រូវបានចុះបញ្ជី​នៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៦ក្នុងកិច្ចប្រជុំលើក​ទី១១​នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ​ នៅទីក្រុងអាឌីស​អាបាបា ប្រទេសអេត្យូពី។៥. ល្ខោនខោលវត្តស្វាយ​អណ្ដែត ប្រភេទបញ្ជីត្រូវការការសង្គ្រោះបន្ទាន់ ត្រូវបានចុះបញ្ជីនៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៨កិច្ចប្រជុំលើកទី១៣​នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីសនិង៦. គុនល្បុក្កតោ ជាប្រភេទបញ្ជីតំណាងនូវមនុស្សជាតិ ត្រូវបានចុះ​បញ្ជីនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កិច្ចប្រជុំ​លើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងរ៉ាបាត់ ព្រះរាជាណាចក្រម៉ារ៉ុក។

ក្រៅពីសម្បត្តិបេតិកភណ្ឌរូបី និងអរូបីហើយនោះ​កម្ពុជាក៏បាន ចុះបញ្ជីស្មារតីនៃការចងចាំពិភពលោក​មានដូចជា ១.បណ្ណាសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍ទួលស្លែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩ នៅទីក្រុងប្រ៊ិចថោន​ប្រទេសបារបារដូស។ ២.ក្រាំងរឿងអ៊ីណាវបុស្បា ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី​​ ៣០ ខែ តុលា ឆ្នាំ ២០១៧​ នៅទីក្រុងប៉ារីស ប្រទេសបារាំង និង៣.បញ្ជីស្មារតីនៃការចងចាំពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក មានខ្សែ​អាត់​សម្លេង​រឿង​រាមកេរ្តិ៍តាគ្រុឌ​ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៤ នៅទីក្រុងក្វាងចូវប្រទេសចិន ។ក្រៅពីនោះក៏នៅមានដូចជា ឋបនីយជីវមណ្ឌលបឹងទន្លេសាប ត្រូវបានដាក់កំណត់ដោយអង្គការយូណេស្កូនៅឆ្នាំ១៩៩៧ និងមួយទៀតគឺបណ្ដាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ មានទីក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបណ្ដាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហារ(Gastronomy)កាលពីថ្ងៃទី​ ៣១ ខែ តុលា ឆ្នាំ ២០២៣ នាទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី៕


ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner