ក្រុមហ៊ុន Zhengzhou Chen’s Sun បង្ហាញចំណាប់អារម្មណ៍វិនិយោគ​លើដំណាំធុរេននៅកម្ពុជា

(ចិន)៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរា​ជាណា​ចក្រកម្ពុជា នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន Zhengzhou Chen’s Sun បាន​បង្ហាញចំណាប់អារម្មណ៍ វិនិយោគលើដំណាំធុរេន នៅកម្ពុជា ។

ជំនួបនេះ បានកើតឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ច​ប្រជុំ​កំពូល មហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន ។

ក្នុងឱកាសនេះ លោកស្រី ប្រធានក្រុមហ៊ុន បានគោរព ជម្រាបជូនសម្ដេចបវរធិបតី​ថា លោកស្រី ធ្លាប់មកទស្សនាប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨ និងពិនិត្យឃើញថា កម្ពុជា មានសក្ដានុពលខ្លាំង ខាងវិស័យកសិកម្ម ជាពិសេសគឺឧស្សាហកម្មផ្លែឈើ (ដំណាំធុរេន)។ ដូច្នេះ លោកស្រីប្រធានក្រុមហ៊ុន មានចាប់អារម្មណ៍វិនិយោគលើ​វិស័យ​​កសិកម្មនៅកម្ពុជា ពិសេសដំណាំធុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញ មកកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត ដែលនេះនឹងចូលរួមចំណែក​បង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន នៅកម្ពុជា ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំណាប់ អារម្មណ៍របស់ក្រុមហ៊ុន​លើការ​វិនិយោគ​ខាងវិស័យកសិកម្ម ជាពិសេស ដំណាំធុរេន នៅកម្ពុជា និងបាន​បញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពលលើផលិតផលកសិកម្មច្រើនប្រភេទ ដែលវិនិយោគិន អាចនាំចេញ ទៅកាន់ទីផ្សារក្រៅប្រទេស ប្រកបដោយភាពប្រកួតប្រជែង។

សម្ដេចបវរធិបតីបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាលម្អិត និងសហការជាមួយ​ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក សំដៅប្រែក្លាយផែនការ​វិនិយោគរបស់ក្រុមហ៊ុន ឱ្យចេញលទ្ធផលជាក់ស្ដែង ក្នុងពេលដ៏ខ្លីខាងមុខ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner