សម្តេចតេជោ ហ៊ុន សែន៖ ការឈ្នះរបស់លោក ត្រាំ មានមូលហេតុច្រើន
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកា នេះថា បើទោះបីលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិកមិនទាន់ប្រកាសផ្លូវការ ប៉ុន្តែលទ្ធផលបណ្តោះអាសន្នបានបង្ហាញលោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះលើគូប្រកួតរបស់ខ្លួន នឹងត្រៀមខ្លួនធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិក !
សម្តេចតេជោបានបន្តថា ការឈ្នះរបស់លោក ត្រាំ មានមូលហេតុច្រើន តែតាមការកត់សម្គាល់របស់សម្តេច មាន៣ចំណុច ដែលទទួលបានសន្លឹកឆ្នោតពីប្រជាជន៖
ទី១៖ សង្គមរបស់សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួនដើម្បីយកស្រ្តីធ្វើជាមេដឹកនាំរបស់ខ្លួន បើទោះបីសហរដ្ឋអាមេរិកជាបិតាប្រជាធិបតេយ្យ ផ្នែកយេនឌ័រ ក៏ដោយ។ ដែលចំណុចនេះបង្ហាញថា អាមេរិកដើរក្រោយអាស៊ាន ដែលធ្លាប់មាននិងកំពុងមាន មេដឹកនាំជាស្រ្តី ដូចជានៅប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។
ទី២៖ ទំនងព្រះបានចារមកថា លោក ដូណាល់ ត្រាំ ត្រូវតែប្រកួតប្រជែងជាមួយស្រ្តី។ លើកទី១ ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ ប្រកួតឈ្នះលោកស្រី ហីឡារី គ្លិនតុន។ នៅឆ្នាំ២០២៤នេះ លោកប្រកួតជាមួយស្ត្រីទៀតគឺ លោកស្រី ហារីស ហើយទទួលបានជោគជ័យទៀត។
ទី៣៖ មុនការបោះឆ្នោត លោក ដូណាល់ ត្រាំ បានផ្ញើសារជូនពលរដ្ឋអាមេរិក និងជុំវិញពិភពលោក អំពីការស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាម ដែលហៅថា «សន្តិភាពនិយម» ទើបសន្លឹករបស់លោក ត្រាំ ទទួលបានជោគជ័យ ដូច្នេះការឈ្នះរបស់លោក ត្រាំ បង្ហាញពីពលរដ្ឋអាមេរិកស្រឡាញ់សន្តិភាព ជាជាងការធ្វើសង្រ្គាមទាំងស្រុងអ៊ុយក្រែន និងអ៉ីស្រាអែល៕
ដោយ៖ពលជ័យ