សម្តេចធិបតី នាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយជោគជ័យ។
សូមរំលឹកថា សម្តេចមហាបវរធិបតី កាលពីរសៀលថ្ងៃទី ៥វិច្ឆិកា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេង្គ (GMS) លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ារ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូន សម្រាប់សមាហរណកម្មអនុតំបន់មេគង្គ និងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាព សម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព» ដែលបានប្រព្រឹត្តទៅនៅ ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងអំឡុងពេលស្នាក់នៅ ក្នុងទីក្រុងគុនមិញ សម្តេចធិបតី ក៏មានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងធុរជនបរទេសផងដែរ។ ជាក់ស្តែង សម្តេចមហាបរវធិបតី ក៏បានអនុញ្ញាតឱ្យបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនចិននានា ចូលជួបសម្តែងការគួរសមផងដែរ។ ដោយថ្នាក់ដឹកនាំក្រុមហ៊ុនចិនជាច្រើន បង្ហាញចំណាប់អារម្មណ៍ ក្នុងការបណ្តាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដែលពោរពេញដោយឱកាស និងសក្តានុពល។
ជាមួយនេះ សម្តេចធិបតី បានជួបពិភាក្សាងារងារជាមួយ នាយឧត្ដមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានជម្រាបជូនសម្ដេចបវរធិបតី អំពីស្ថានការណ៍នយោបាយទូទៅ និងការត្រៀមរៀបចំការបោះឆ្នោតសកល នាពេលខាងមុខ របស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងបានអរគុណកម្ពុជា ដែលបានចែករំលែកបទពិសោធន៍ និងទស្សនទានមួយចំនួន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
ជាការឆ្លើយតប សម្ដេចបវរធិបតី សង្ឃឹមថា វិបត្តិនៅមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយដោយសន្តិវិធី ក្នុងអនាគតដ៏ខ្លីខាងមុខ។
ដោយឡែក សម្តេចធិបតី ក៏បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ ដោយសម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីការរីកចម្រើន នៃទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាក់ស្ដែង ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ មានកំណើនគួរឱ្យកត់សម្គាល់ បើធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ កន្លងទៅ។
ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានកោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ទោះបីជាប្រឈមនឹងសម្ពាធសេដ្ឋកិច្ចសកលក៏ដោយ។ ម្យ៉ាងទៀត កិត្តិសព្ទរបស់កម្ពុជានៅលើឆាកអន្តរជាតិក៏ត្រូវបានលើកកម្ពស់បន្ថែមទៀត។
សម្ដេចបវរធិបតី និងនាយករដ្ឋមន្ត្រីវៀតណាម ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ ទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យទេសចរណ៍, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, វិស័យថាមពល, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ក៏ដូចជា ការអប់រំ យុវជន និងវប្បធម៌ផងដែរ។
ក្រៅពីនោះ សម្តេចមហាបវរធិបតី ក៏បានអញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ លើកទី៨ ក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍”ផងដែរ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ