ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច

លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូដ៏ល្អប្រសើរជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា និងបំណងជួយសម្របសម្រួលក្នុងការភ្ជាប់ទំនាក់ទំនងរវាងវិនិយោគគិនបរទេស ជាមួយនឹងប្រទេសកម្ពុជា ដែលមានសក្តានុពលច្រើន។ ការប្តេជ្ញានេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៨​ ខែវិច្ចិកា​ ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន ERIA បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការបន្តវិវឌ្ឍរីកចម្រើននៅកម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជានឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។ លោកប្រធានវិទ្យាស្ថាន បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថាន ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ព្រមទាំងការកសាងសមត្ថភាព។ លោកប្រធានវិទ្យាស្ថានបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូដ៏ល្អប្រសើរជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា និងបំណងជួយសម្របសម្រួលក្នុងការភ្ជាប់ទំនាក់ទំនងរវាងវិនិយោគគិនបរទេស ជាមួយនឹងប្រទេសកម្ពុជា ដែលមានសក្តានុពលច្រើន។

ជាការឆ្លើយតប សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏ល្អប្រសើរវិទ្យាស្ថាន ERIA និងក្រសួង-ស្ថាប័នរបស់កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា អាទិភាពរបស់រាជរដ្ឋាភិបាលផ្តោតលើការធ្វើសមាហរណកម្មកម្ពុជាទៅតំបន់និងពិភពលោក តាមរយៈការធ្វើពិពិធកម្មពាណិជ្ជកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពង្រឹងមូលធនមនុស្ស និងធ្វើឱ្យប្រសើរឡើងថែមទៀតនូវបរិយាកាសវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីបានចែករំលែកអំពីគោលនយោបាយ យន្តការ និងគំនិតផ្តួចផ្តើមមួយចំនួនរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើត និងធានាបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយភាពទាក់ទាញ។ សម្ដេចធិបតីបានស្វាគមន៍បំណងរបស់វិទ្យាស្ថានក្នុងការសម្របសម្រួលនិងភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបរទេស ជាមួយប្រទេសកម្ពុជា ព្រមទាំងលើកទឹកចិត្តលោកប្រធានវិទ្យាស្ថាន បន្តកិច្ចសន្ទនា និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner