កូនផ្សោតថ្មីមួយក្បាលទៀត ទើបតែកើតនៅ អន្លង់កាំពី ខេត្តក្រចេះ

(ភ្នំពេញ)៖ កូនផ្សោតមួយក្បាលដែលទើបនឹងកើតត្រូវបានប្រទះឃើញដោយ​ក្រុមការងារ​ស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗចំនួន ២ទៀត។នេះបើតាមការឱ្យដឹងពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រភពខាងលើនេះបានឱ្យដឹងថា នេះគឺជាកូនផ្សោតទី៩ ដែលបានកើតនៅក្នុងឆ្នាំ ២០២៤ ជាអត្រាកំណើតច្រើនពុំធ្លាប់មានទេ បើគិតចាប់តាំងពីឆ្នាំ ២០២១មក។ នៅឆ្នាំ២០២១ កម្ពុជាមានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល និងផ្សោតស្លាប់ចំនួន ៩ក្បាល។ នៅឆ្នាំ២០២២ ផ្សោតកើតថ្មីមានចំនួន ៦ក្បាល និងស្លាប់ទៅវិញចំនួន ១១ក្បាល។ ចំណែកឆ្នាំ២០២៣ មានផ្សោតកើតចំនួន ៨ក្បាល និងស្លាប់ចំនួន ៥ក្បាល និងនៅឆ្នាំ២០២៤ គិតត្រឹមដើមខែវិច្ឆិកា ផ្សោតកើតមានចំនួន ៩ក្បាល និងស្លាប់ទៅវិញចំនួន ៣ក្បាលប៉ុណ្ណោះ។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះមានតែប្រទេសចំនួន០៦ប៉ុណ្ណោះ ដែលមានវត្តមានផ្សោត​ទឹកសាបរស់នៅ ហើយកម្ពុជាជាប្រទេសដែលមានផ្សោតទឹកសាបច្រើនជាងគេ ដែលកំពុងហែលឡើងចុះតាមខ្សែទឹកដងទន្លេមេគង្គនៅម្តុំព្រែកកាំពី ក្នុង ខេត្ត ក្រចេះ។

នៅក្នុងប្រទេសកម្ពុជាសត្វផ្សោតទាំងនេះកំពុងរស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ រហូតទៅដល់ ព្រំប្រទល់ នៃប្រទេសឡាវ ប៉ែកខាងក្រោមនៃល្បាក់ខោនដែលមានចម្ងាយ១៨០គីឡូម៉ែត្រ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner