Joe Biden និង Donald Trump នឹងជួបគ្នា នៅថ្ងៃពុធ

បរទេស៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងជួបប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅសេតវិមាន នៅថ្ងៃពុធ សប្តាហ៍នេះ។

លោក Joe Biden បានប្រាប់បែបនេះ ក្នុងពេលដែលលោកបានដើរចាកចេញពីព្រះវិហារមួយកន្លែង នៅឆ្នេរ Rehoboth រដ្ឋ Delaware កាលពីថ្ងៃអាទិត្យ។

បើតាម CNN ដែលបានដកស្រង់សម្តី របស់លេខាធិការសារព័ត៌មាន សេតវិមាន Karine Jean-Pierre តាមរយៈសេចក្តីថ្លែងការណ៍មួយ បង្ហាញថា អ្នកទាំងពីរនឹងជួបគ្នា នៅម៉ោង ១១ព្រឹក តាមការអញ្ជើញរបស់ Biden ដោយបន្ថែមថា ព័ត៌មានលម្អិត អំពីកិច្ចប្រជុំ នឹងត្រូវចេញផ្សាយ។

លោកស្រី Melania Trump ក៏ត្រូវបានអញ្ជើញ ទៅកាន់សេតវិមានផងដែរ ដើម្បីជួបជាមួយស្ត្រីទីមួយ Jill Biden នេះបើតាមមន្ត្រីនៅ East Wing បានប្រាប់ CNN បន្ថែម។

មន្ត្រីរដ្ឋបាលម្នាក់បាននិយាយថា លោក Biden បាននិយាយជាមួយ Trump នៅថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីការបោះឆ្នោត ដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់លោក លើអនុប្រធានាធិបតី លោកស្រី Kamala Harris និងអញ្ជើញលោក ទៅសេតវិមាន។

មន្ត្រីរូបនេះបាននិយាយ កាលពីថ្ងៃពុធថា «ប្រធានាធិបតី Biden បានសម្តែងការប្តេជ្ញាចិត្តរបស់លោក ក្នុងការធានាឱ្យមានការផ្លាស់ប្តូរ ដោយរលូន និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើការ ដើម្បីនាំប្រទេសឱ្យរួបរួមគ្នា»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner