អត្រាគ្របដណ្តប់អនាម័យរបស់សហគមន៍ជនបទ នៅកម្ពុជាបច្ចុប្បន្ន បានកើនឡើងដល់ជាង ៩០%

(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី​១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អត្រាគ្របដណ្តប់​អនាម័យ​របស់សហគមន៍ជនបទ នៅកម្ពុជាបច្ចុប្បន្ន បានកើនឡើងដល់ជាង ៩០% ។

បើតាមសារលិខិតអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១៥ សម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ដើម្បីផ្សព្វផ្សាយ ក្រើនរំលឹក អំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទ និងរួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើង នូវស្ថានភាពអនាម័យជនបទនៅកម្ពុជា។

សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តយកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការលើកកម្ពស់អនាម័យជនបទ ដែលក្នុងនោះ យុទ្ធសាស្ត្របញ្ច​កោណ ដំណាក់កាលទី១ បានបញ្ជាក់យ៉ាងច្បាស់នូវការបន្តជំរុញ​ការអភិវឌ្ឍ​ជនបទ តាមរយៈការបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតលើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ បន្ថែមពីនេះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ បានដាក់ចេញនូវគោលដៅ ក្នុងការបន្តជំរុញការ​អនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចបានអត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អត្រាកំណើននៃការទទួល​បានសេវា​អនាម័យ​ជនបទ នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ និងប្រកបដោយមោទនភាព ដោយបច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យ​របស់សហគមន៍ជនបទ នៅកម្ពុជា បានកើនឡើងដល់ប្រមាណជាង ៩០% ក្នុងនោះមានភូមិចំនួន ៩ ៦៧៥, ឃុំចំនួន៧៩៥, ស្រុកចំនួន៧៩, ក្រុងចំនួន ១៥, ខណ្ឌចំនួន១៤ និងខេត្តចំនួន១០ រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តរតនគិរី និង ខេត្តសៀមរាប ដែលបានបញ្ចប់ការបន្ទោបង់​ពាសវាលពាសកាល។ ទន្ទឹមនេះ ក្នុងចំណោមខេត្តខាងលើ មានខេត្តមួយចំនួន បាននិងកំពុងវាយតម្លៃ ដើម្បីឈានទៅសម្រេចបានជាខេត្តបញ្ចប់ការ​បន្ទោបង់​ពាសវាលពាសកាលកម្រិតខ្ពស់ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា វឌ្ឍនភាពគួរជាទីមោទនៈនេះ គឺសបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងយន្តការសម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាព ក៏ដូចជាមានការចូលរួម​សហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យអនាម័យជនបទ រួមទាំងការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ជាពិសេស ក៏បានឆ្លុះ​បញ្ចាំងអំពីការកើនឡើងនូវកម្រិតយល់ដឹងអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យជនបទផងដែរ ។

សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋនៅ​តំបន់ជនបទ ដែលចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់អនាម័យជនបទ ឱ្យសម្រេចបានសមិទ្ធផលយ៉ាងត្រចះត្រចង់នេះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner