ជនជាតិដើមភាគតិចនៅភូមិពូត្រុំ ខេត្ត មណ្ឌលគិរី ចូលចិត្តចិញ្ចឹមពូជមាន់​ចែ​ព្រោះសាច់ឆ្ងាញ់ និង ងាយលក់

(ភ្នំពេញ)៖ ដោយមើលឃើញ ប្រភេទមាន់ចែងាយលក់លើទីផ្សារ ហើយសាច់​ឆ្ងាញ់​ថែមទៀត ធ្វើឱ្យ ប្រជា កសិករដែលជាជនជាតិដើមភាគតិច ពូនង(ព្នង)​សព្វថ្ងៃរស់នៅ ភូមិពូត្រុំ នាំគ្នាចិញ្ចឹមមាន់ចែ ដែលជាពូជមាន់​ក្នុងស្រុកដូនតា​របស់ខ្មែរ សម្រាប់ រកប្រាក់ចំណូល ផ្គត់ផ្គង់គ្រួសារ ក្រៅពីជម្រើស មុខរបរ​ដាំដំណាំកសិកម្មដទៃទៀត ។

គួរបញ្ជាក់ថា ពូជមាន់ស្រុករបស់ខ្មែរ មានដូចជា ពូជមាន់កណ្ទូង ពូជមាន់សំពៅ ពូជមាន់ចែជាដើម។ប្រភេទពូជមាន់ទាំងនេះត្រូវបានពលរដ្ឋខ្មែរបានចិញ្ចឹម​តាំងតែពីបុរាណរហូតដល់បច្ចុប្បន្ន។

លោក មាស ឌី កសិករចិញ្ចឹមមាន់នៅភូមិ ពូត្រុំ សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​ គឺជាអ្នកចិញ្ចឹមមាន់ចែសម្រាប់លក់មួយរូបបានប្រាប់ថាមាន់ចែ​គឺជាមាន់មួយបែបរបស់ខ្មែរមិនត្រឹមតែងាយចិញ្ចឹទេតែវាក៏ជាមាន់ដែលមានការពេញនិយមបរិភោគដែរពីព្រោះថាសាច់វាឆ្ងាញ់ និងតម្លៃក៏ខ្ពស់ជាងមាន់ដទៀតដែរ។

ក្នុងការជ្រើសរើសមុខរបរចិញ្ចឹមមាន់រយៈពេល ២ ឆ្នាំមកនេះ និងការដក​ពិសោធន៍​​​ឃើញថា ការចិញ្ចឹមមាន់ ក្រៅពីការចេះបច្ចេកទេសក្នុងការចិញ្ចឹមហើយ ចំពោះការចេះជ្រើសរើសពូជក៏ជារឿងសំខាន់មិនអាចមើលរំលងបានដូចគ្នា។ ពីព្រោះថាការជ្រើសរើសពូជគឺតម្រូវតាមទីផ្សារ បើយើងមិនចេះជ្រើសរើស​ពូជមិនទៅតាមតំបន់ និងទីកន្លែងទេការចិញ្ចឹមក៏មិនសូវជោគជ័យដែរ។

លោក មាស ឌី បានបញ្ជាក់ប្រាប់បន្ថែមថា “ការចិញ្ចឹមមាន់ខ្ញុំមិនចិញ្ចឹមមានបីសាសន៍ ឬមានផ្សេងទេពីព្រោះថាមិនសូវមានទីផ្សារតែបើពូជមាន់ចែគេចូលចិត្តបរិភោគពីព្រោះសាច់វាឆ្ងាញ់។នៅមណ្ឌលគិរីនេះមាន់បីសាសន៍ មាន់គក មាន់សាច់ គេមិនចូលចិត្តទេព្រោះសាច់វាមិនសូវឆ្ងាញ់ទេ។ពូជមាន់ចែសាច់វារឹង ឆ្ងាញ់ផ្អែម”។

បុរសចិញ្ចឹមពូជមាន់ចែរូបនេះបានប្រាប់ថាសម្រាប់មាន់ចែនៅតំបន់លោកមានតម្លៃចាប់ពី១៧០០០ដល់២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ក្នុងមួយខែលោកចាប់លក់២ដងដោយបានចំណូលចាប់ពី២០ទៅ៣០ម៉ឺនរៀលដែលជាផ្នែកមួយជួយដល់ចំណូលគ្រួសារ។

លោក ខៀវ សំណាង ប្រធានទទួលបន្ទុកផ្នែកអនុវត្តជីវភាពប្រជាសហគមន៍ របស់អង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS) នៃគម្រោងរេដបូកបានឱ្យដឹងថា៖ក្នុងចំណោម ២០ភូមិនៅសហគមន៍តំបន់ដែនជម្រកសត្វកែវសីមាខេត្តមណ្ឌលគិរី ក្នុងនេះមានដូចជាក្រុមដាំដំណាំ ក្រុមចិញ្ចឹមសត្វ ក្រុមត្បាញក្រម៉ា និងក្រុមសន្សំប្រាក់សម្រាប់ជួយដល់ពលរដ្ឋបង្កើតមុខរបរ។ក្នុងចំណោមប្រជាសហគមន៍ទាំងនេះមួយចំនួនដាំដំណាំ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់អាហារតាមគ្រួសាររបស់គាត់ និងមួយចំនួនទៀតក៏បាននាំលក់លើទីផ្សារ។

លោកបានប្រាប់ថា”តាមរយៈការជួយបង្កើតមុខរបរដល់ប្រជាសហគមន៍ជនជាតិភាគតិចនេះទោះពុំបានជួយដល់ជីវភាពឱ្យធូរធាបានលឿនក្តីតែវាក៏ជាផ្នែកមួយសំខាន់សម្រាប់ពួកគាត់កសាងគ្រួសារមួយដំណាក់ៗឱ្យល្អប្រសើរ។ ក្នុងនេះដូចជាជួយកាត់បន្ថយមិនឱ្យគាត់ទិញបន្លែបង្កាពីខាងក្រៅ មិនទិញសាច់ដូចជាត្រី មាន់ទាជាដើម។ ទាំងអស់នេះក្រៅពីជួយដល់គ្រួសារហើយ នៅជួយឱ្យសុខភាពល្អតាមរយៈការដាំបន្លែ និងចិញ្ចឹមសត្វបែបធម្មជាតិថែមទៀត”។

បើតាមអង្គការ WCSបានឱ្យដឹងថា គម្រោងរេដបូកបានជួយរៀបចំបង្កើតក្រុមកសិករសហគមន៍នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្ត មណ្ឌលគិរី ដែលរួមមាន៖ កសិករដាំបន្លែ ៤៣គ្រួសារ កសិករ ចិញ្ចឹមមាន់១០៨គ្រួសារ កសិករចិញ្ចឹមត្រី ២៩គ្រួសារ និងកសិករចិញ្ចឹមជ្រូក ១៨គ្រួសារ។

គួរបញ្ជាក់ថា បើយោងតាម របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមកបានឱ្យដឹងថា៖ នៅក្នុងឆ្នាំ២០២៣ តម្រូវការសាច់នៅកម្ពុជាសរុបចំនួន ៣២៧ពាន់តោន ក្នុងនោះសាច់គោ-ក្របី៩១ពាន់តោន ស្មើ (៨១៦ពាន់ ក្បាល) សាច់ជ្រូក ១៦៥ពាន់តោន(៣,៣១លានក្បាល) សាច់បក្សីមាន់ទា ៧០ពាន់តោន (៥៤,២៧លានក្បាល) និងសាច់ចៀម-ពពែ ឬសាច់ផ្សេងៗទៀត ១ពាន់តោន។ ផលិតកម្មសត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់ បានប្រមាណ ៣២០ពាន់តោន ស្មើនឹង ៩៨% នៃតម្រូវការសរុប ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner