ព្រឹទ្ធសភា អនុម័តលុបចោលច្បាប់ ស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម​តំបន់ត្រីកោណអភិវឌ្ឍន៍ C.L.V

(ភ្នំពេញ)៖ ព្រឹទ្ធសភា បានសម្រេចអនុម័តលុបចោលសេចក្ដីច្បាប់ ស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV) ក្រោមសំឡេងឯកច្ឆន្ទ ៥៦សំឡេង ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ។

សូមរំលឹកថា សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្ដីពីការ​ជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ត្រូវបានរដ្ឋសភា បានសម្រេចអនុម័ត នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមសំឡេង​ឯកច្ឆន្ទ ១០៩សំឡេង ដោយរដ្ឋសភាកម្ពុជា មានជំនឿថា ប្រទេសកម្ពុជា ឡាវ និងវៀតណាម មានសមត្ថភាពពេញលេញក្នុងការបន្ត និងធានា​ឲ្យបាននូវ​ការ​អភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន ។

អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៨ វិច្ឆិកា ថា គោលបំណងដែលប្រទេសកម្ពុជា បង្កើតនូវសេចក្តីព្រាងច្បាប់ស្ដីពីការ​អនុម័ត​លុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម​តំបន់​ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដោយមើលឃើញពីកិច្ចសហ​ប្រតិ​បត្តិ​ការយ៉ាងជិតស្និទ្ធក្នុងរយៈពេល ២៥ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណអភិវឌ្ឍន៍ ។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានអះអាងថា កម្ពុជា ឡាវ និងវៀតណាម បានធ្វើ​ឱ្យ​ប្រទេសទាំងបី ឈានដល់ការសម្រេចគោលដៅជាតិ និងព្រឹត្តិការណ៍សំខាន់ៗ​ជា​ច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាព​ប្រជា​ជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ។

រដ្ឋសភា បានបញ្ជាក់ថា បន្ទាប់ពីពិចារណា និងវាយតម្លៃដោយហ្មត់ចត់ និងគ្រប់​ជ្រុង​ជ្រោយ រាជរដ្ឋាភិបាល បានសន្និដ្ឋានថា កិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណ​អភិវឌ្ឍន៍នេះ បានឈានដល់គោលដៅរបស់ខ្លួន និងជឿជាក់ថាប្រទេសនីមួយៗ​មាន​សមត្ថភាពពេញលេញក្នុងការបន្ត និងធានាបាននូវការអភិវឌ្ឍប្រទេស​រៀងៗ​ខ្លួន ។

សូមជម្រាបដែរថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្លាប់បានអះអាងថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមក នៃកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណអភិវឌ្ឍន៍ CLV-DTA មិនបានធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីសូម្បី​មួយមីល្លី​ម៉ែត្រ​ ឬយកច្បាប់របស់ប្រទេសណាមួយមកអនុវត្តនៅលើទឹក​ដីនៃប្រទេស​កម្ពុជានោះឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់​អភិវឌ្ឍន៍​​​ត្រីកោណ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឡើងកាលពីឆ្នាំ១៩៩៩ ក្នុងគោលដៅធំ គឺដើម្បីជំរុញកិច្ចអភិវឌ្ឍន៍​ខេត្ត​ភាគឦសាន មិនធ្វើកិច្ចសហប្រតិបត្តិការនេះ ដើម្បីឲ្យបាត់អធិបតេយ្យជាតិ និងបូរណភាពទឹកដីនោះទេ។

បើតាមប្រសាសន៍របស់សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, តាមគម្រោងដែល​កម្ពុជា នឹងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរវាងប្រទេសទាំង៣ ពាក់ព័ន្ធកិច្ចសហ​ប្រតិ​បត្តិ​ការ​តំបន់អភិវឌ្ឍន៍កោណ ដែលគ្រោងនឹងធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ខាង​មុខនេះ ក៏ត្រូវបានលុបចោលផងដែរ ពោលដោយសារកម្ពុជា បាន​សម្រេច​ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋ​មន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា បានផ្ញើលិខិតផ្លូវការទៅកាន់​រដ្ឋមន្ត្រី​ក្រសួងការបរទេសឡាវ និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដើម្បី​បញ្ជាក់ពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដោយបញ្ជាក់ថា បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម្មត់ចត់ ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជា យល់ថា កិច្ចសហប្រតិបត្តិការនេះ បានឈានដល់គោលដៅរបស់​ខ្លួនហើយ។ នាពេលនេះ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន។ ការសម្រេចបញ្ចប់ការចូលរួមក្នុង CLV-DTA ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលៗមួយចំនួនទៀត ក្នុងបំណងដើម្បីដោះ​ស្រាយកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យពួកគេមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner