ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ស្នើក្រសួងស្ថាប័នពាក់ព័ន្ធ និង​វិស័យឯកជន ជំរុញលើកកម្ពស់វិស័យសំណង់នៅម្ពុជា

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំលើកទីមួយរបស់ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេស​សំ​ណង់ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយក​រដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនចូលរួមតាក់តែងបទបញ្ញត្តិ​បច្ចេកទេសសំណង់ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីជំរុញឱ្យវិស័យសំណង់នៅប្រទេសកម្ពុជាកាន់តែប្រសើរឡើង ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា កិច្ចប្រជុំនាពេល​នេះ​​ធ្វើ​ឡើង​ក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ និងរួមគ្នាគិត រួមគ្នា​តាក់​តែងបទបញ្ញត្តិបច្ចេកទេសសំណង់សម្រាប់អនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីព្រោះកិច្ចការនេះមិនមែនជារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់​តែម្នាក់ឯងនោះទេ គឺជាកិច្ចការរួម ជាកិច្ចការដ៏មានសារៈសំខាន់​សម្រាប់យើងទាំងអស់គ្នា ធ្វើដើម្បីជាឧត្តមប្រយោជន៍ជាតិទាំងមូល ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យបង្កើតទម្លាប់ទំនាក់ទំនង​រវាងរដ្ឋ និង​វិស័យឯកជន ដើម្បីឱ្យបានយល់ពីគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហា​ប្រឈមនានាលើវិស័យសំណង់ ដើម្បីជំរុញខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ ជាប្រយោជន៍ជូនជាតិនិងប្រជាជន ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថាក្រុមប្រឹក្សាជាតិបទ​បញ្ញតិ​បច្ចេកទេសសំណង់ ជាអ្នកតាក់តែងបទដ្ឋានគតិយុត្តិ អគ្គនាយកដ្ឋាន​សំណង់ជាអ្នកប្រតិបត្តិ និងមន្ទីរពិសោធន៍ជាអ្នកវាយតម្លៃ ដើម្បីធានាលើក​កម្ពស់គុណភាព​សំណង់នៅក្នុងប្រទេសកម្ពុជាស្របតាមស្តង់​ដារបច្ចេកទេស​ត្រឹមត្រូវ ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ជំរុញ​ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនចូលរួមផ្ដល់មតិយោបល់ក្នុងកា​រតាក់តែងបទបញ្ញត្តិជាមួយក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ដើម្បីលើកកម្ពស់គុណភាពសំណង់ និងងាយស្រួលក្នុងការអនុវត្តការងារក្នុងឧស្សាហកម្ម​សំណង់​សមស្របតាមបរិបទនៅប្រទេសកម្ពុជា និងបានស្នើដល់សាកលវិទ្យា​ល័យ ព្រមទាំងសមាគមវិស្វករ ស្ថាបត្យករ អោយចូលរួមតាក់តែងបទបញ្ញត្តិ​បច្ចេក​ទេសស្តង់ដាសំណង់នេះផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner