“វីដេអូ៖ មរតកឯករាជ្យជាតិ ៩ វិច្ឆិកា”
ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៩ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកដល់ប្រជាជនកម្ពុជាឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។ ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយគ្រប់និន្នាការ និងស្ថាបនាសង្គមរាស្ត្រនិយម ហើយត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍសម្រាប់សង្គមជាតិខ្មែរទាំងមូល។ ជាអកុសល នៅចន្លោះឆ្នាំ១៩៧០ ដល់១៩៧៩ កម្ពុជាបានធ្លាក់ទៅក្នុងផ្នក់ភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដោយសេនាប្រមុខលន់ នល់ ពីឆ្នាំ១៩៧០-១៩៧៥ និងការដណ្តើមបានអំណាចរបស់របបយង់ឃ្នងខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩ ដែលធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់ជាង៣លាននាក់ បានបាត់បង់ជីវិត ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ធនធានមនុស្ស ក៏ដូចជាកម្ពុជាទាំងមូល បានធ្លាក់ដល់ចំណុចសូន្យ។ ក្រោយឆ្នាំ១៩៧៩ បើទោះបីជារបបប្រល័យពូជសាសន៍ឯងខ្មែរក្រហមបានដួលរលំក៏ពិតមែន កម្ពុជានៅតែបន្តមានសង្គ្រាមស៊ីវិលរវាងភាគីជម្លោះមួយចំនួនក្នុងប្រទេស។ ក្នុងស្មារតីស្នេហាជាតិ និងប្រជាជន ដើម្បីស្វែងរកសន្តិភាពដល់កម្ពុជា កិច្ចចរចាមួយក៏បានធ្វើឡើង ហៅថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលផ្តើមចេញពីការជួបគ្នារវាងសម្តេចព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន។ កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩៣ គឺជាមូលដ្ឋានគ្រឹះសំខាន់មួយ សម្រាប់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា ក៏ប៉ុន្តែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតែមួយគត់ ក៏មិនអាចបញ្ចប់សង្រ្គាមបានដែរ គឺការគូបផ្សំគ្នារវាងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យកម្ពុជាយើងស្គាល់នូវសុខសន្តិភាពពេញលេញ។ យើងអាចនិយាយបានថា សម្តេចព្រះនរោត្តម សីហនុ ជាព្រះបិតាឯករាជ្យជាតិ ហើយសម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកនៃការបង្រួមបង្រួមជាតិ។ បន្ទាប់ពីទទួលបានសន្តិភាព រហូតមកដល់បច្ចុប្បន្ន ទើបកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍកសាងប្រទេសជាតិ។ សន្តិភាពនេះហើយ ទើបយើងមានឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា យ៉ាងអធិកអធមពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមស្នាមញញឹមនៃប្រជាពលរដ្ឋគ្រប់រូប។ ប្រជាជនកម្ពុជារស់នៅប្រកបដោយសន្តិសុខ ផ្លូវកាយ និងផ្លូវចិត្ត ក្នុងភាពជាមនុស្សជាតិពិតប្រាកដជាមួយនឹងស្នាមញញឹមដែលជាផ្លែផ្កានៃសន្តិភាព។ កម្ពុជាបានបង្ហាញនូវមុខមាត់ និងកិត្យានុភាពរបស់ខ្លួន ជាមួយនឹងសមត្ថភាពក្នុងការរួមចំណែកដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិទៀតផង។ ជាប្រវត្តិសាស្ត្រ ដែលជាមោទកភាពជាតិ និងប្រជាជនកម្ពុជា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជាលើកទី៣ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើជាប្រធានអាស៊ានប្តូរវេន កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ កម្ពុជាបានធ្វើជាប្រធានអាស៊ានលើកទី១ នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២៕
#ប្រវត្ដិសាស្រ្ដកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #៩វិច្ឆិកា #សម័យកាលប្រវត្ដិសាស្រ្ដកម្ពុជា #មរតក