ព្រឹទ្ធសភាស្នើរដ្ឋសភាកែសម្រួលចំណងជើង និងខ្លឹមសារ​មាត្រា១ មាត្រា២ និងមាត្រា៣នៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុប​ចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់​ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ៖ឆ្លងតាមការពិនិត្យសិក្សាទៅលើទិដ្ឋភាពជារួមនៃសេចក្តីព្រាង​ច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងការពិចារណាគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងតម្រូវ​ការ និងគោលបំណងដើម្បីបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់កម្ពុជា ដែលបានដកខ្លួនចេញពីអនុស្សរណៈ ក៏ដូចជាការធ្វើឱ្យបាត់បង់សុពលភាព​នៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ព្រឹទ្ធសភាបានស្នើ​រដ្ឋសភា​កែសម្រួល ចំណងជើង និងខ្លឹមសារមាត្រា១ មាត្រា២ និងមាត្រា៣ នៃសេចក្តីព្រាងច្បាប់នេះ។

ការស្នើនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា​សេនា​បតី​​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

គោលបំណងនៃការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺដោយផ្អែក​លើសមិទ្ធផលនៃ “កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ឈានដល់ការសម្រេចគោលដៅជាតិរបស់ខ្លួន ហើយជឿជាក់ថាប្រទេសនីមួយៗ មានសមត្ថភាពពេញ​លេញ​ក្នុងការបន្ត និងធានា បាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងប្រទេសរៀងៗខ្លួន” និងការវាយតម្លៃយ៉ាងច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃប្រកប​ដោយគតិបណ្ឌិតខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនដំណឹងជាផ្លូវការ ស្តីពី “ការដកខ្លួនរបស់កម្ពុជា​ចេញពី អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងបី ស្តីពីគោលនយោបាយអនុគ្រោះ ជាពិសេសសម្រាប់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម” ជាហេតុនាំឱ្យកិច្ចព្រមព្រៀង ស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់​ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ត្រូវបាត់បង់សុពលភាពតាមអនុស្សរណៈគោលផងដែរ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៤មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាល​ទី៧។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន២រូប បានឡើងមានយោបល់រួចមក លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
សេចក្តីព្រាងច្បាប់ដែលស្នើកែសម្រួលនេះ អង្គប្រជុំព្រឹទ្ធសភាបានអនុម័តដោយមានសំឡេងគាំទ្រចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ដោយចាត់ទុកជាការប្រញាប់ ៕
ដោយ៖ពលជ័យ

ads banner