វៀតណាម៖ គម្រោងផ្លូវដែកល្បឿនលឿនតម្លៃ៦៧ពាន់លានដុល្លារ បញ្ជូនដល់សភា
បរទេស៖ សមាជិកសភាជាតិវៀតណាម នៅថ្ងៃពុធនេះ បានទទួលរបាយការណ៍ស្តីពីគោលនយោបាយវិនិយោគ នៃគម្រោងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង ដែលមានតម្លៃប្រហែល ៦៧.៣៤ ពាន់លានដុល្លារអាមេរិក នេះបើតាមកាសែត VNexpress។
ក្នុងសម័យប្រជុំលើកទី ៨ របស់សភា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Nguyen Van Thang បានបង្ហាញសំណើនេះ ក្នុងនាមនាយករដ្ឋមន្ត្រី ដោយចាត់ទុកថា គោលដៅនៃការវិនិយោគ គឺសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដើម្បីបំពេញតម្រូវការដឹកជញ្ជូន រួមចំណែកដល់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ប្រកបដោយនិរន្តរភាព។ ទីផ្សារដឹកជញ្ជូនតាមច្រករបៀងខាងជើង-ខាងត្បូង នឹងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទន្ទឹមនឹងការធានាការពារជាតិ និងសន្តិសុខ។
ប្រភពបន្តថា ផ្លូវរថភ្លើង dual-track ថ្មីនេះ នឹងត្រូវរចនាឡើង ជាមួយនឹងសមត្ថភាពផ្ទុក ២២.៥តោន/អ័ក្ស , ល្បឿន ៣៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រវែងសរុប ប្រហែលជាង១,៥០០ គីឡូម៉ែត្រ ជាមួយនឹងស្ថានីយដឹកអ្នកដំណើរចំនួន ២៣ នាក់ និងស្ថានីយ៍ដឹកជញ្ជូនទំនិញ ចំនួន ៥ ។
ទាក់ទងនឹងការកំណត់ពេលវេលានៃគម្រោងនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការរៀបចំ និងការអនុម័តរបាយការណ៍ សិក្សាលទ្ធភាព និងការរចនាវិស្វកម្ម គ្រោងនឹងបញ្ចប់ នៅឆ្នាំ ២០២៥-២០២៦។ ការបើកការដ្ឋានសាងសង់គម្រោង ត្រូវបានគ្រោងនឹងចាប់ផ្តើមធ្វើ នៅឆ្នាំ២០២៧ ជាមួយនឹងគោលដៅនៃការបញ្ចប់ផ្លូវដែកទាំងមូល នៅឆ្នាំ២០៣៥៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត