គណៈប្រតិភូអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃការងារថែទាំផ្លូវក្រាលកៅស៊ូចំនួន ១៤ខ្សែ នៅខេត្តសៀមរាប
សៀមរាប៖គណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំដោយ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.៣) នៅថ្ងៃទី១៣ ខែវិច្ឆិកាបានអញ្ជើញពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវចំនួន១៤ខ្សែ។
តាមសេចក្តីរាយការណ៍របស់នាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ជូនគណៈប្រតិភូអន្តរក្រសួងលើការងារថែទាំជាប្រចាំផ្លូវចំនួន១៤ខ្សែ មានបប្រវែងសរុប ២០៧ ២៤០ម៉ែត្រ, ទទឹងខ្នងលើ ៥ម៉ែត្រ និង៦ម៉ែត្រ ព្រមទាំងបំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ៣៧០ស្លាកលើផ្លូវចំនួន ៣ខ្សែ។ផ្លូវទាំង១៤ខ្សែស្តិតក្នុងក្រុងស្រុកចំនួន៧មានស្រុកជីក្រែង ,សូទ្រនិគម ,ក្រុងរុនតាឯកតេជោសែន ,ស្រុកវ៉ារិន ,អង្គរជុំ និងស្រុកស្រីស្នំ ។មន្ទីរអភិវឌ្ឍន៍ជនបទតែងតែយកចិត្តទុកដាក់បំពេញការងារថែទាំផ្លូវជាប្រចាំដោយសម្រេចលទ្ធផលបានតាមបទដ្ឋានបច្ចេកទេស និង គុណភាពតាមសៀវភៅកិច្ចសន្យា ។
ក្នុងដំណើរចុះត្រួតពិនិត្យ និងវាយតម្លៃលើការថែទាំផ្លូវក្រាលកៅស៊ូ DBSTទាំង១៤ខ្សែ ឯកឧត្តម សាន វិសាល បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឬទ្ធិសែន បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទឱ្យកាន់តែមានគុណភាពប្រសើរឡើងថែមទៀត ព្រមទាំងសោភណភាពតាមដងផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ។
ឯកឧត្តមបានកោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលជាសេនាធិការរបស់ក្រសួង ក្នុងបំពេញកិច្ចការងារបានល្អ ហើយគណៈកម្មការបានឯកភាពទទួលយកលទ្ធផលថែទាំផ្លូវ១៤ខ្សែ ដោយក្រាលកៅស៊ូ DBST ព្រមទាំងបានធ្វើការណែនាំដល់ក្រុមបច្ចេកទេស ធ្វើការបំពេញបន្ថែមនូវការខ្វះចន្លោះមួយចំនួនតូចផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរគណៈប្រតិភូ ក៏បានជួបធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិ ក្រពើ សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។ ឯកឧត្តម សាន វិសាល បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជានិងលោកជំទាវបណ្ឌិតផងដែរ ៕
ដោយ៖ប៊ុនរដ្ឋា